ព័ត៌មានអន្តរជាតិ

វៀតណាមលម្អិតពីអាទិភាពនៅក្នុងការចាក់វ៉ាក់សាំងកូវីដ១៩ដំណាក់កាលទី១

image

ហាណូយ៖ រដ្ឋាភិបាលវៀតណាមបាននិយាយនៅថ្ងៃអង្គារនេះថា បុគ្គលិកសុខាភិបាល, មន្ត្រីការទូតនិងយោធានឹងស្ថិតក្នុងចំណោមអ្នកដែលបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩មុនគេនៅពេលដែលប្រទេសនេះនឹងចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងនៅខែក្រោយ។

ប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍ដែលមានពលរដ្ឋសរុបប្រមាណ៩៨លាននាក់នេះបាននិយាយថា ខ្លួននឹងទទួលបានវ៉ាក់សាំងចំនួន៦០លានដូសនៅឆ្នាំនេះ។

រដ្ឋាភិបាលវៀតណាមបាននិយាយក្នុងសេចក្តីថ្លែងការណ៍ថា នៅក្នុងត្រីមាសទី១ឆ្នាំ២០២១  វៀតណាមគ្រោងនឹងចាក់វ៉ាក់សាំងដល់បុគ្គលិកវេជ្ជសាស្ត្រចំនួន៥០ម៉ឺននាក់និង១១៦,០០០នាក់ផ្សេងទៀតដែលជាប់ពាក់ព័ន្ធដោយផ្ទាល់នៅក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ១៩។

ប្រទេសវៀតណាមត្រូវបានគេកោតសរសើរនៅទូទាំងពិភពលោកចំពោះការទប់ស្កាត់ករណីឆ្លងជំងឺកូវីដ១៩ដោយប្រើវិធីសាស្ត្រធ្វើតេស្តិ៍ទ្រង់ទ្រាយធំនិងការធ្វើចត្តាឡីស័កយ៉ាងតឹងរ៉ឹង បើទោះបីជាប្រឈមមុខនឹងរលកថ្មីនៃការឆ្លងរាលដាលកាលពីពេលថ្មីៗនេះក៏ដោយ។

កាលពីចុងខែមុន ប្រទេសវៀតណាមបានអនុម័តឲ្យប្រើប្រាស់វ៉ាក់សាំងរបស់ក្រុមហ៊ុន អាស្ត្រាហ្សេណេកា (AstraZeneca) ក្នុងគ្រាបន្ទាន់ក្នុងរយៈពេលប៉ុន្មានថ្ងៃបន្ទាប់ពីអាជ្ញាធរបានរកឃើញករណីឆ្លងក្នុងសហគមន៍ជាលើកដំបូងក្រោយពីស្ងប់ស្ងាត់រយៈពេលជិត២ខែ។

គួរបញ្ជាក់ថា ប្រទេសវៀតណាមមានអ្នកឆ្លងជំងឺកូវីដ១៩សរុបចំនួន២,៣៩៥នាក់ក្នុងនោះមានអ្នកបាត់បង់ជីវិតចំនួន៣៥នាក់ចាប់តាំងពីបានរកឃើញករណីឆ្លងដំបូងកាលពីឆ្នាំមុន៕

ប្រែសម្រួល៖ នីតា

ព័ត៌មានទាក់ទង...