ពលរដ្ឋភូមិអូរខ្ជាយ​ ប្តូរពីការធ្វើស្រែទៅដាំដំណាំក្រូចពោធិ៍សាត់រកចំណូលបានកាក់កបមិននឹកស្មានដល់
| ព័ត៌មានជាតិ
SHARE

បាត់ដំបង៖ ការដាំដំណាំក្រូចពោធិសាត់ ដែលជាដំណាំឈើហូបផ្លែ ដ៏ល្បីល្បាញរបស់អ្នកស្រុកបាត់ដំបង បានចាប់ផ្តើមមានកំណើនឡើងវិញហើយ បន្ទាប់ពីដំណាំប្រភេទនេះបានថមថយចុះក្នុងរយៈពេលប៉ុន្មានឆ្នាំមុននេះ ដោយសារមានការវាយប្រហារនៃជំងឺក្រូចខៀវឬជំងឺស្លឹកប្រាក់ និងជំងឺផ្សេងៗទៀតនៅលើដំណាំក្រូចពោធិសាត់ ត្រូវបានប្រជាកសិករបង្ខំចិត្តកាប់ដើមចោល ហើយដាំក្រូចពោធិសាត់នេះសារជាថ្មីឡើងវិញ ។


លោក ស៊ិន សុផល កសិកររស់នៅភូមិអូរខ្ជាយ ឃុំវត្តតាមឹម ស្រុកសង្កែ ខេត្តបាត់ដំបង បានបញ្ជាក់ឲ្យដឹងថា អ្នកភូមិនៅទីនេះស្ទើរតែ១០០%ទៅហើយដែលបានចាប់យកការដាំក្រូចពោធិសាត់នេះ ដោយបានបោះបង់ផ្ទៃដីដែលជាដីសម្រាប់ដំណាំស្រូវកន្លងមកនិងបានលើកដីដាក់ស្រែទាំងនោះដើម្បីដាំក្រូច ព្រោះក្រូចពោធិសាត់អាចឲ្យផលបានល្អ បើមានទឹកគ្រប់គ្រាន់សម្រាប់ការស្រោចស្រព និងមិនមានបញ្ហាអំពីជំងឺក្រូចខៀវឬជំងឺស្លឹកប្រាក់កើតឡើងនៅលើដំណាំក្រូចនោះទេ ។

អ្នកដាំក្រូចរូបនេះ បានឲ្យដឹងទៀតថា ក្រុមគ្រួសារលោកបានដាំក្រូចថ្មីបន្ថែមទៀតចំនួនជាង៣០០ដើមសរុបទាំងថ្មីទាំងចាស់មានជាង១០០០ដើមហើយ ក្នុងនោះលោកនៅតែមានបំណងចង់ធ្វើការពង្រីកការដាំដុះនេះឲ្យបានច្រើនជាងនេះទៀត ទៅតាមលទ្ធភាពជាក់ស្តែង ។


បើយោងតាមសេចក្តីរាយការណ៍ ពីភ្នាក់ងារ cnc ប្រចាំខេត្តបាត់ដំបង បានឲ្យដឹងថា ការដាំក្រូចពោធិសាត់របស់អ្នកភូមិអូរខ្ជាយនេះ គឺចេះតែដាំតៗគ្នាប៉ុណ្ណោះ ហើយបើមានបញ្ហាលើដំណាំក្រូចដូចជាមានជំងឺ ឬមានមេរោគ គឺធ្វើទៅតាមទម្លាប់តៗគ្នាដែរ ហើយក៏មានអ្នកខ្លះបានកាប់ដើមចាស់ចោល រំលងបានមួយរយៈ ក៏ដាំដើមថ្មីឡើងវិញ អ្វីដែលសំខាន់គឺប្រជាកសិករចង់ឲ្យមានការជួយប្រាប់ពីរបៀបនៃការប្រើប្រាស់ថ្នាំប្រភេទណា ពីមន្ត្រីជំនាញ ដើម្បីជួយកែលំអដើមក្រូចពោធិសាត់ឲ្យបានល្អឡើងវិញនិងមានផ្លែច្រើន អាចបង្កើនទិន្នផលនៅពេលប្រមូលផលក្រូច ជាពិសេសអំពីទីផ្សារតែម្តង ។


ទាក់ទងនឹងបញ្ហានេះលោក ប្រធានការិយាល័យកសិកម្មស្រុកសង្កែ បានបញ្ជាក់ថា ជំងឺស្លឹកបា្រក់នៅ លើដំណាំក្រូចពោធិសាត់នេះមិនមានថ្នាំណា ដែលអាចយកមប្រើប្រាស់ជួយសង្រ្គោះដល់ដំណាំក្រូចពោធិ សាត់នេះបាននោះទេ ដោយឡែកឡែកជំងឺមេឡាណុស ដែលមើលឃើញប្រេះគល់នោះ ជាជំងឺខ្វះសារធាតុចិញ្ចឹមក្នុងដី មន្ទីរកំពុងតែខិតខំសិក្សាស្រាវជ្រាវ ដើម្បីជួយដល់ប្រជាកសិករផងដែរ ៕  (អត្ថបទ៖ ឡាចសុគន្ធារី)


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation