ព័ត៌មានអន្តរជាតិ

អ៊ីតាលីបន្តដាក់បម្រាមលើការធ្វើដំណើរពីតំបន់មួយទៅតំបន់មួយរហូតដល់ថ្ងៃទី២៧ ខែមីនា

image

រ៉ូម៖ កាលពីថ្ងៃចន្ទ នាយករដ្ឋមន្ត្រីថ្មីរបស់អ៊ីតាលីលោក ម៉ារីអូ ដ្រាហ្គី (Mario Draghi) និងគណៈរដ្ឋមន្ត្រីរបស់លោកបានអនុម័តអនុក្រឹត្យមួយដើម្បីបន្តរឹតបន្តឹងលើការធ្វើដំណើរពីតំបន់មួយទៅតំបន់មួយនៅក្នុងប្រទេសរហូតដល់ថ្ងៃទី២៧ ខែមីនា។

បំរាមលើការធ្វើដំណើរពីតំបន់មួយទៅតំបន់មួយដែលពលរដ្ឋត្រូវបានអនុញ្ញាតឲ្យធ្វើដំណើរសម្រាប់តែហេតុផលការងារ, សុខភាព ឬភាពអាសន្នផ្សេងទៀតនោះនឹងត្រូវបញ្ចប់នៅថ្ងៃទី០៥ ខែមីនា។ ប៉ុន្តែរដ្ឋាភិបាលអ៊ីតាលីបានសម្រេចបន្តវិធានការនេះដោយសារតែភាពអាសន្នផ្នែកសុខភាពមិនបានបង្ហាញសញ្ញាថមថយឡើយ។

បើទោះបីជាបច្ចុប្បន្នករណីឆ្លងជំងឺកូវីដ១៩ប្រចាំថ្ងៃនៅក្នុងប្រទេសអ៊ីតាលីបានធ្លាក់ចុះពីកម្រិតខ្ពស់រហូតដល់៤ម៉ឺននាក់នៅពាក់កណ្តាលខែវិច្ឆិកាមកនៅក្រោម១៥,០០០នាក់យ៉ាងណាក៏ដោយ ប៉ុន្តែនៅតែមានមនុស្សរាប់រយនាក់បាត់បង់ជីវិតក្នុងមួយថ្ងៃព្រមទាំងការកើនឡើងនៃការឆ្លងវីរុសកូវីដ១៩បំប្លែងខ្លួនថ្មីមានប្រភពមកពីអង់គ្លេសផងដែរ។

អ្នកដំណើរមួយចំនួននៅស្ថានីយរថភ្លើងបាននិយាយថាពួកគេមិនជឿថាការបន្តការរឹតបន្តឹងលើការធ្វើដំណើរនឹងធ្វើឲ្យចំនួននៃការឆ្លងរាលដាលនៃជំងឺកូវីដ១៩ថយចុះឡើយដោយសារតែនៅមានអ្នកអាចធ្វើដំណើរបានក្រោមលក្ខខណ្ឌផ្សេងៗ។

ស្ថិតក្រោមអនុក្រឹត្យបច្ចុប្បន្ននេះ អ៊ីតាលីបានដាក់បម្រាមគោចរពេលយប់ចាប់ពីម៉ោង១០យប់ដល់ម៉ោង៥ភ្លឺ និងមានការបែងចែកតំបន់ដែលត្រូវអនុវត្តវិធានការរឹតបន្តឹងផ្សេងៗគ្នាយោងទៅតាមកម្រិតនៃការឆ្លង។

គួរបញ្ជាក់ថា ប្រទេសអ៊ីតាលីមានអ្នកបាត់បង់ជីវិតដោយសារជំងឺកូវីដ១៩ជាង៩៥,៧០០នាក់ចាប់តាំងពីជំងឺនេះបានផ្ទុះឡើងដំបូងកាលពីខែកុម្ភៈឆ្នាំមុនដែលជាតួលេខខ្ពស់បំផុតទី២នៅក្នុងតំបន់អឺរ៉ុបបន្ទាប់ពីអង់គ្លេសនិងខ្ពស់បំផុតលំដាប់ទី៧នៅទូទាំងពិភពលោក៕

ប្រែសម្រួល៖ នីតា

ព័ត៌មានទាក់ទង...