ព័ត៌មានជាតិ

តំណាងក្រុមហ៊ុនអាហារបំប៉ន COOSEA អះអាងថា ផលិតផលនេះ បានទទួលស្គាល់ដោយក្រសួងសុខាភិបាល បន្ទាប់ពីរងការចោទពីក្រសួងពាណិជ្ជកម្ម

image

ភ្នំពេញ៖ តំណាងក្រុមហ៊ុនផលិតផលបំប៉នសុខភាព COOSEA Promlam Spirulina បានអះអាងថា ផលិតផលនេះមានការទទួលស្គាល់ ដែលមានលេខបញ្ជិកាពីក្រសួងសុខាភិបាលត្រឹមត្រូវ (CAM N0253-IH-18)។ នេះបើយោងតាមលិខិតបំភ្លឺរបស់មេធាវី តំណាងក្រុមហ៊ុនសម្រស់ធម្មជាតិ ឯ.ក ដែលទទួលបាននៅរសៀលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១។ 

ក្នុងលិខិតនោះ បានឱ្យដឹងថា ឃូសុី (Coosea Premium Spirulina) ជាផលិតផលពិតមកពីហាវ៉ៃ សហរដ្ឋអាមេរិក ដែលមានស្តង់ដារខ្ពស់ គុណភាពខ្ពស់ និងមានលេខបញ្ជិកាពីក្រសួងសុខាភិបាលត្រឹមត្រូវ CAM N0253-IH-18 ជាឱសថបំប៉នសុខភាពចុះថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៩។

សូមបញ្ជាក់ថា ក្រសួងពាណិជ្ជកម្ម បានផ្ញើលិខិតទៅក្រសួងសុខាភិបាល កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ ដើម្បីមានវិធានការទប់ស្កាត់អំពើមិនសុចរិតទាក់ទងទៅនឹងការផ្សព្វផ្សាយលក់ផលិតផលបំប៉នសុខភាព ម៉ាក CooSea Premium Spirulina នាំចូលដោយក្រុមហ៊ុន សម្រស់ធម្មជាតិ ដែលមានអាស័យដ្ឋាន ផ្ទះលេខ៣៥ ផ្លូវ៥១០ ភូមិ១ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ក្នុងលិខិត បានលើកឡើងថា កន្លងមកក្រសួងពាណិជ្ជកម្ម បានសង្កេតឃើញថា ការផ្សព្វផ្សាយលក់ផលិតផលបំប៉នសុខភាពម៉ាក CooSea Premium Spirulina នាំចូលដោយក្រុមហ៊ុនសម្រស់ធម្មជាតិ មានចរិតជាការបំភាន់ និងបោកបញ្ឆោតដល់សាធារណជន តាមរយៈការអះអាងដោយគ្មានភស្ដុតាងថា អ្នកប្រើប្រាស់បានធូរស្រាល ឬជាសះស្បើយពីជំងឺរាប់សិបប្រភេទ។

ពាក់ព័ន្ធទៅនឹងបញ្ហានេះ ក្រសួងពាណិជ្ជកម្មក៏ដូចជាគណៈកម្មាធិការជាតិការពារអ្នកប្រើប្រាស់ បានកត់សម្គាល់ឃើញថា ក្រុមហ៊ុននេះបានបំពានទៅនឹងមាត្រា១០ និងមាត្រា១២ នៃច្បាប់ស្ដីពីកិច្ចការពារអ្នកប្រើប្រាស់ ដែលករណីនេះតម្រូវឱ្យមានការស៉ើបអង្កេតដោយមន្ដ្រីមានសមត្ថកិច្ច ដើម្បីចាត់វិធានការស្របទៅតាមច្បាប់ជាធរមាន។ ទន្ទឹមនឹងនោះក្រសួងពាណិជ្ជកម្ម ក៏បានដាក់វិធានការមួយចំនួនផងដែរដូចជា ក្រុមហ៊ុនត្រូវបញ្ឈប់ការផ្សព្វផ្សាយលក់តាមអនឡាញ ដែលមានចរិតភូតកុហក ខុសពីការពិត និងត្រូវមានការសុំអនុញ្ញាតជាមុនពីស្ថាប័នមានសមត្ថកិច្ច និងផ្ដល់ខ្លឹមសារទាំងឡាយ ដែលបញ្ជាក់ពីគុណភាព សុវត្ថិភាពផលិតផល និងការអះអាងផ្សេងទៀត ក្នុងការផ្សាយពាណិជ្ជកម្មមកក្រសួងពាណិជ្ជកម្ម។

ក្រៅពីនេះ តម្រូវឱ្យក្រុមហ៊ុនកែតម្រូវលើព័ត៌មានស្ដីអំពី ជាតិអាហាររូបត្ថម្ភ (Supplement Facts) ដែលបានបោះពុម្ភនៅលើស្លាកសញ្ញា ពាក់ព័ន្ធទៅនឹងវីតាមីន A និងវីតាមីន B12 និងសារធាតុរ៉ែផ្សេងទៀត ដែលត្រូវអនុលោមទៅតាមការវិភាគបញ្ជាក់ពីមន្ទីរពិសោធន៍ ដែលមានការទទួលស្គាល់ជាដើម៕

អត្ថបទ គង់ ប៊ុនណា

ព័ត៌មានទាក់ទង...