ព័ត៌មានជាតិ

មន្ត្រីអាជ្ញាធរអំពាវនាវឲ្យមានការគាំទ្រដល់វិស័យកីឡានៅក្នុងខេត្តកំពង់ឆ្នាំង

image

អត្ថបទ៖ ហឹង ចូច  

កំពង់ឆ្នាំង៖ លោក ស្រ៊ន សំឬទ្ធី អភិបាលរងខេត្តកំពង់ឆ្នាំង បានថ្លែងអំពាវនាវដល់គ្រប់អ្នកពាក់ព័ន្ធបន្តជួយគាំទ្រដល់វិស័យកីឡា ដើម្បីឲ្យយុវជនងាកមកលេងកីឡា ចៀសវាងទៅប្រព្រឹត្តនូវអំពើអបាយមុខផ្សេងៗ។

លោកអភិបាលរងខេត្តបានថ្លែងអំពាវនាវបែបនេះ នៅក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបិទការប្រកួតកីឡាសិស្សបឋមសិក្សានិងមធ្យមសិក្សាជ្រើសរើសជើងឯកថ្នាក់ខេត្តប្រចាំឆ្នាំសិក្សា២០២០-២០២១កាលពីព្រឹកថ្ងៃទី ២៣ កុម្ភ:។

លោក ស្រ៊ន សំឬទ្ធី អភិបាលរងខេត្តកំពង់ឆ្នាំង បានថ្លែងថា ការអប់រំកាយ និងកីឡា ជាសកម្មភាពមិនអាចខ្វះបាន នៅក្នុងកិច្ចអភិវឌ្ឍន៍សង្គមសេដ្ឋកិច្ច ធនធានមនុស្ស បំបាត់អំពើហឹង្សានិងទប់ស្តាត់ការប្រើប្រាស់គ្រឿងញៀន។ បច្ចុប្បន្ននេះប្រទេសរីកចម្រើនជឿនលឿននៅលើពិភពលោក បានចាត់ទុកវិស័យកីឡា ជាឧស្សាហកម្មដ៏មានសក្តានុពល ក្នុងវិស័យសេដ្ឋកិច្ចដែលផ្តោតជាសំខាន់ គឺសុខមាលភាពនិងមិត្តភាព។

លោកអភិបាលរងខេត្តបន្តថា កីឡាមានតួនាទីយ៉ាងសំខាន់រួមចំណែកជាមួយវិស័យទេសចរណ៍បង្កើនប្រាក់ចំណូលដល់ប្រជាពលរដ្ឋ និងកំណើនសេដ្ឋកិច្ចស្របតាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល។

លោក សឹម ប្រឹម ប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តកំពង់ឆ្នាំងបានឲ្យដឹងថា ការប្រកួតឆ្នាំនេះ មានប្រតិភូគ្រូបង្វឹក និងកីឡាករ កីឡាកាតនី ចូលរួមសរុបចំនួន ១.៧៤២នាក់ ស្រីចំនួន៨០១នាក់។ ដោយចាប់ផ្តើមដំណើរការប្រកួតពីថ្ងៃទី១៧ ដល់ថ្ងៃទី២៣ កុម្ភ:។ ការប្រកួតបានប្រព្រឹតទៅដោយរលូន និងសម្រេចបានជោគជ័យជាស្ថាពរ ដោយកីឡាករមានឥរិយាបថថ្លៃថ្នូរ ប្រឹងប្រែងអស់ពីសមត្ថភាព ប្រកបដោយមិត្តភាព សាមគ្គីភាព និង សប្បាយរីករាយក្នុងការប្រកួតកីឡាគ្រប់ប្រភេទ។

លោកប្រធានមន្ទីរបានឲ្យដឹងថា ចំពោះវិញ្ញាសារ នៃការប្រកួតមានដូចជា បាល់ទាត់ បាល់ទះ បាល់បោះ ប៉េតង់ វាយសី វាយកូនឃ្លីលើតុ និងអត្តពលកម្ម ៕

ព័ត៌មានទាក់ទង...