ព័ត៌មានជាតិ

CDC អនុម័តលើគម្រោងវិនិយោគតម្លៃ ២០លានដុល្លារ បង្កើតរោងចក្រផ្គុំតម្លើងទោចក្រយានយន្ត និងត្រីចក្រយានយន្តប្រើថាមពលអគ្គិសនី

image

អត្ថបទ៖ សៀម ប៊ុនធី   

ភ្នំពេញ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានសម្រេចអនុម័តលើគម្រោងវិនិយោគបង្កើតរោងចក្រផ្គុំតម្លើងទោចក្រយានយន្ត និងត្រីចក្រយានយន្តប្រើដោយថាមពលអគ្គិសនី ដែលមានទុនវិនិយោគប្រមាណ ២០លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៣៨០កន្លែង។

គម្រោងវិនិយោគដោយក្រុមហ៊ុន ONION MOBILITY CO., LTD មានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស សុវណ្ណភូមិ ខេត្តកណ្តាល។ វត្តមាននៃគម្រោងវិនិយោគនេះ គឺជាផ្នែកមួយនៃការបោះជំហ៊ានមួយរបស់កម្ពុជា ក្នុងការឆ្ពោះទៅក្នុងបរិបទនៃឧស្សាហកម្មជំនាន់ទី ៤ ដែលពិភពលោក កំពុងងាកទៅផលិតយានជំនិះប្រើដោយថាមពលអគ្គិសនី ដែលបណ្តាប្រទេសមានសេដ្ឋកិច្ចជឿនលឿនមួយចំនួន បានដាក់ចេញផែនការនឹងបញ្ឈប់ការផលិតរថយន្តប្រើប្រាស់ប្រេងឥន្ទន្ធៈទៀតហើយ ចាប់ពីឆ្នាំ ២០៣០។

ជាមួយគ្នានេះ ក្រុមហ៊ុនផលិតរថយន្តធំៗ របស់សសហរដ្ឋអាមេរិក អង់គ្លេស អាល្លឺម៉ង់ ជប៉ុន និងកូរ៉េ បានបង្ហាញអំពីផែនការផ្លាស់ប្តូរសង្វាក់ផលិតកម្មងាកទៅផលិតរថយន្តប្រើថាមពលអគ្គិនី។ ហើយវា ក៏ត្រូវបានគេរំពឹងទុកថា នឹងចូលរួមចំណែកកាត់បន្ថយផលប៉ះពាល់ដល់បរិស្ថានផងដែរ។ បច្ចុប្បន្ន ប្រទេសចិន គឺទីតាំងដ៏ធំរបស់ពិពភលោក ដែលផលិតយានយន្តប្រើថាមពលអគ្គិសនី៕

ព័ត៌មានទាក់ទង...