ព័ត៌មានជាតិ

ទីស្នាក់ការសង្កេតការណ៍កោះពោធិ៍ ដែលជាខ្សែត្រៀមជួរមុខ បានសម្ពោធជាផ្លូវការ 

image

អត្ថបទ៖ ង៉ុង សាន់   

កែប៖ ទីស្នាក់ការសង្កេតការណ៍កោះពោធិ៍ ដែលស្ថិតក្នុងកោះជួរមុខរបស់ភូមិសាស្ត្រដែនទឹករបស់ខេត្តកែប បានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ដោយមានការចូលរួមពីលោកនាយឧត្តមនាវី ទៀ វិញ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងទឹក និងជាអគ្គលេខាធិការ នៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ និងអភិបាលខេត្តកែប លោក សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប នាព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១។ 

លោក សោម ពិសិដ្ឋ អភិបាលខេត្តកែបបានឲ្យ CNC ដឹងថា ការសាងសង់ទីស្នាក់ការជួរមុខនេះ ដើម្បីជាប្រយោជន៍ក្នុងការសង្កេតមើលពីសន្តិសុខ សណ្តាប់ធ្នាប់ ដូចជាការរត់ពន្ធលើទំនិញខុសច្បាប់ផ្សេងៗ ជាពិសេសគ្រឿងញៀន ការឆក់ប្លន់តាមសមុទ្រ និងការឆ្លងដែនចូលមកនេសាទដោយខុសច្បាប់ដើម។ 

លោកបន្តថា ម៉្យាងទៀត ក៏ដើម្បីងាយស្រួលក្នុងការសហការណ៍គ្នាក្នុងការជួយសង្គ្រោះរាល់ពេលកើតមានឧបទ្ទវហេតុផ្សេងៗ ដូចជាគ្រោះថ្នាក់ធម្មជាតិ ខ្យល់កន្រ្តាក់ បណ្តាលឲ្យមានលិចទូក ឬក៏អ្នកនេសាទជួបប្រទះនូវបញ្ហាផ្សេងៗ ដែលយើងអាចសង្រ្គោះបានទាន់ពេលវេលា ព្រោះថាហេតុការណ៍ទាំងនេះធ្លាប់កើតមានរួចមកហើយ។  

លោកបានបញ្ជាក់បន្ថែមថា ទីស្នាក់ការណ៍នេះ មិនត្រឹមតែសម្រាប់រក្សាសន្តិសុខលើផ្ទៃទឹកទេ ប៉ុន្តែក៏ដើម្បីរក្សាសន្តិសុខលើផ្ទៃគោកផងដែរ ព្រោះនៅកោះពោធិ៍ មានប្រជាពលរដ្ឋប្រមាណជាង៩០គ្រួសារ កំពុងរស់នៅលើកោះនេះ ហើយប៉ុស្តិ៍នេះជាខ្សែត្រៀមជួរមុខ ក្នុងការថែរក្សាអធិបតេយ្យភាពទឹកប្រវត្តិសាស្រ្តយើងផងដែរ៕