ព័ត៌មានជាតិ

អាជ្ញាធរខេត្តឧត្តរមានជ័យ សម្រួលដល់ពលករដែលមកពីប្រទេសថៃ និងការចរាចរណ៍ទំនិញរវាងប្រទេសទាំងពីរ

image

ឧត្តរមានជ័យ៖ ទោះជាស្ថិតក្នុងដំណាក់កាលនៃការរឹតបន្តឹងនៅតាមច្រកព្រំដែនដោយសារការរីករាលដាលជំងឺកូវីដ-១៩ក៏ដោយ អាជ្ញាធរខេត្តឧត្តរមានជ័យ បានសម្រួលដល់ពលករដែលបានវិលត្រឡប់មកពីប្រទេសថៃចូលមកកម្ពុជាដើម្បីយកពួកគេទៅកន្លែងធ្វើចត្តាឡីស័ក តាមគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល។ រីឯការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរកម្ពុជា-ថៃ មានការចេញចូលផ្លាស់ប្ដូរទំនិញជាប្រក្រតី។

ជាក់ស្ដែងនៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១ ការដឹកទំនិញចេញចូលខេត្តឧត្តរមានជ័យ និងប្រទេសថៃមានជាប្រក្រតី នារដូវប្រមូលកសិផលនេះ។ ចំពោះកសិផលរបស់កម្ពុជាបានដឹកទៅប្រទេសថៃយ៉ាងច្រើនផងដែរ ចំណែកភាគីថៃ ក៏បានដឹកទំនិញជាហូហែចូលមកប្រទេសកម្ពុជា តាមច្រកអូរស្មាច់ និងច្រកផ្សេងៗទៀត ហើយសមត្ថកិច្ចដែលឈរជើងនៅទីនោះ ជាពិសេសមន្ត្រីគយ ក៏បានធ្វើការងារបានយ៉ាងល្អ ទោះជាមានចំណុចខ្លះរបស់មន្ត្រីទាំងនោះ បានធ្វើឱ្យប្រជាពលរដ្ឋមានការរអ៊ូរទាំមួយចំនួនក៏ដោយ។ 

សូមបញ្ជាក់ថា ខេត្តឧត្តរមានជ័យមានច្រកចំនួន ៣ ធំៗគឺ ច្រកជប់គគីរ ជាប់នឹងខេត្តបូរីរ៉ាំ, ច្រកអូរស្មាច់ជាប់នឹងខេត្តសុរិន្ទ្រ, ច្រកជាំស្រងាំ ស្រុកអន្លង់វែងជាប់នឹងខេត្តស៊ីសាកេត៕

ដោយ៖ ចាន់ ដារុណ