ព័ត៌មានអន្តរជាតិ

ពលរដ្ឋអេត្យូពីអំពាវនាវឱ្យរដ្ឋាភិបាលអាមេរិកជួយធ្វើអន្តរាគមន៍ក្នុងសង្គ្រាមដែលកំពុងបន្ត

image

សាច់រឿង៖ក្រុមអ្នកតវ៉ារាប់រយនាក់បានចេញមកដេីរក្បួននៅតាមដងផ្លូវជុំវិញសេតវិមានក្នុងរដ្ឋធានីវ៉ាស៊ីនតោនកាលពីថ្ងៃព្រហស្បតិ៍​ដើម្បីអំពាវនាវឲ្យរដ្ឋាភិបាលអាមេរិកអន្តរាគមន៍នៅក្នុងសង្គ្រាមដែលកំពុងបន្តនៅក្នុងប្រទេសអេត្យូពី។

ចាប់តាំងពីខែវិច្ឆិកាមក​ សង្គ្រាមលើកទី៣កំពុងកេីតមាននៅក្នុងតំបន់ធីហ្គ្រេ​ (Tigray) ដែលស្ថិតនៅភាគខាងជើងនៃប្រទេសអេត្យូពី។ យោធារបស់ប្រទេសអេត្យូពី​ និង​ យោធារបស់ប្រទេសអេរីត្រេ​ មានជាប់ពាក់ព័ន្ធយ៉ាងខ្លាំងក្នុងសង្គ្រាមនេះ។ 

អ្នកតវ៉ាម្នាក់បាននិយាយថា​ «ពួកយើងមិនអាចទាក់ទងទៅកាន់សមាជិកគ្រួសាររបស់ពួកយើងបានទេចាប់តាំងពីខែវិច្ឆិកាមក។​ ពួកយើងមិនដឹងថាតើពួកគេសុខសប្បាយឬទេ។ ពួកយេីងមិនដឹងថាតេីពួកគេមានស្បៀងអាហារ,​ ថ្នាំពេទ្យ​ ឬទឹកសម្រាប់បរិភោគឬទេ»។ 

នាយករដ្ឋមន្រ្តីអេត្យូពី​ លោក​ អាប៊ី​ អាម៉េដ​ (Abiy Ahmed) បានប្រកាសពីជ័យជម្នះលើកម្លាំងឧទ្ទាមក្នុងតំបន់ធីហ្គ្រេ (Tigray) កាលពីចុងខែវិច្ឆិកា​ បន្ទាប់ពីយុទ្ធជនរបស់ក្រុមឧទ្ទាមនោះបានដកថយចេញពីទីក្រុង​ និង​ ទីប្រជុំជនសំខាន់ៗរបស់តំបន់ធីហ្គ្រេ (Tigray)។ ប៉ុន្តែបេីយោងតាមការវាយតម្លៃរបស់អង្គការសហប្រជាជាតិ​ ការប្រយុទ្ធគ្នារប៉េះរប៉ោះនៅតែបន្តកើតមាននៅតាមផ្នែកខ្លះនៃតំបន់នេះ។

រដ្ឋាភិបាលអេត្យូពីបានទទួលស្គាល់ថានៅមានការប្រយុទ្ធគ្នាតិចតួច​ ប៉ុន្តែ​បានប្រកាសថាការប្រយុទ្ធគ្នាភាគច្រើនបានឈប់ហេីយនៅក្នុងតំបន់ធីហ្គ្រេ (Tigray )។ រដ្ឋាភិបាលអេត្យូពីក៏បានទទួលស្គាល់ផងដែរថា​ ស្ត្រីជាង ១ពាន់នាក់ត្រូវបានគេចាប់រំលោភក្នុងជម្លោះនៅក្នុងតំបន់ធីហ្គ្រេ (Tigray) នេះ។ ។

ភាគីទាំងសងខាងនៅក្នុងជម្លោះនៅតំបន់ធីហ្គ្រេ​ (Tigray) ដែលបានចាប់ផ្តើមនៅដើមខែវិច្ឆិកាបានចោទប្រកាន់គ្នាទៅវិញទៅមកពីការរំលោភបំពាន និង បានបដិសេធការទទួលខុសត្រូវចំពោះការរំលោភបំពានទាំងនោះ៕