ព័ត៌មានអន្តរជាតិ

កូរ៉េខាងត្បូងចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩

image

សេអ៊ូល៖ ប្រទេសកូរ៉េខាងត្បូងបានចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩នៅថ្ងៃសុក្រនេះដោយនឹងធ្វើឡើងនៅមណ្ឌលចាស់ជរាប្រហែល២០០កន្លែងនៅក្នុងយុទ្ធនាការមួយដែលគេចាត់ទុកថាជាជំហានដំបូងនៅក្នុងការវិលត្រឡប់ទៅរកការរស់នៅធម្មតាដូចមុន។

គ្រូពេទ្យកូរ៉េខាងត្បូងបានចាប់ផ្តើមចាក់វ៉ាក់សាំងរបស់ក្រុមហ៊ុនឱសថ អាស្ត្រាហ្សេណេកា (AstraZeneca) ឲ្យបុគ្គលិកបម្រើការនៅមណ្ឌលចាស់ជរានិងអ្នកជំងឺមួយចំនួននៅមណ្ឌលនោះកាលពីម៉ោង៩ព្រឹក។

ទីភ្នាក់ងារបង្ការនិងគ្រប់គ្រងជំងឺឆ្លងកូរ៉េបាននិយាយថា វ៉ាក់សាំងនោះនឹងចាក់ឲ្យបុគ្គលិកបម្រើការនៅមណ្ឌលចាស់ជរានិងអ្នកជំងឺចំនួន៥,២៦៦នាក់នៅមណ្ឌលចំនួន២១៣កន្លែង ប៉ុន្តែអ្នកដែលមានអាយុចាប់ពី៦៥ឆ្នាំឡើងទៅមិនត្រូវបានចាក់ទេព្រោះវ៉ាក់សាំងរបស់ក្រុមហ៊ុន អាស្ត្រាហ្សេណេកា (AstraZeneca) មិនទាន់មានទិន្នន័យគ្រប់គ្រាន់សម្រាប់បញ្ជាក់ពីសុវត្ថិភាពចំពោះក្រុមអាយុពី៦៥ឆ្នាំឡើងទៅឡើយ។

នៅថ្ងៃសៅរ៍ អាជ្ញាធរកូរ៉េខាងត្បូងគ្រោងនឹងចាប់ផ្តើមចាក់វ៉ាក់សាំងរបស់ក្រុមហ៊ុនឱសថ ហ្វាយហ្ស័រ (Pfizer) ចំនួន១១៧,០០០ដូសដែលត្រូវបានផ្គត់ផ្គង់តាមរយៈកម្មវិធី កូវ៉ាក់ (COVAX) របស់អង្គការសុខភាពពិភពលោកឲ្យបុគ្គលិកសុខាភិបាលប្រហែល៥៥,០០០នាក់ដែលកំពុងព្យាបាលអ្នកជំងឺកូវីដ១៩៕

ប្រែសម្រួល៖ នីតា