ព័ត៌មានអន្តរជាតិ

សិង្ហបុរីកាត់ទោសជនជាតិអង់គ្លេសម្នាក់ឲ្យជាប់ពន្ធនាគារ២សប្តាហ៍ដោយសារលួចចេញពីបន្ទប់ចត្តាឡីស័ក

image

សិង្ហបុរី៖ នៅថ្ងៃសុក្រនេះ តុលាការសិង្ហបុរីបានកាត់ទោសបុរសជនជាតិអង់គ្លេសម្នាក់ឲ្យជាប់ពន្ធនាគាររយៈពេល២សប្តាហ៍ចំពោះការបំពានវិធានការចត្តាឡីស័កដោយលួចចេញទៅជួបជាមួយគូដណ្តឹងរបស់គេ។

លោក នីហ្គេល ស្គា (Nigel Skea) វ័យ៥២ឆ្នាំបានលួចចេញពីបន្ទប់ចត្តាឡីស័កចំនួន៣លើកកាលពីថ្ងៃទី២១ ខែកញ្ញាឆ្នាំមុនដោយក្នុងនោះមានមួយលើកគេបានចេញទៅជួបគូដណ្តឹងរបស់គេជាជនជាតិសិង្ហបុរីដែលបានកក់បន្ទប់ស្នាក់នៅក្នុងសណ្ឋាគារជាមួយគ្នានោះ ប៉ុន្តែនាងមិនបានស្ថិតក្នុងការធ្វើចត្តាឡីស័កទេ។ 

ក្នុងអំឡុងពេលលួចគេចពីការធ្វើចត្តាឡីស័ក លោក ស្គា (Skea) ក៏មិនបានពាក់ម៉ាសមុខផងដែរ ខណៈដែលប្រទេសសិង្ហបុរីតម្រូវឲ្យពលរដ្ឋទាំងអស់ពាក់ម៉ាសមុខ។

លោក ស្គា (Skea) ត្រូវបានពិន័យជាប្រាក់ចំនួន១ពាន់ដុល្លារសិង្ហបុរីបន្ថែមពីលើការកាត់ទោសឲ្យជាប់ពន្ធនាគារ។ រីឯគូដណ្តឹងរបស់គេត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារមួយសប្តាហ៍ពីបទសមគំនិត។

មេធាវីរបស់គូស្នេហ៍នោះបាននិយាយថា «កូនក្តីរបស់គាត់មិនប្តឹងឧទ្ធរណ៍ទេ ពួកគេចង់បញ្ចប់បញ្ហានេះហើយត្រឡប់ទៅផ្ទះវិញឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន។»

គួរបញ្ជាក់ថា ប្រទសសិង្ហបុរីបានចេញច្បាប់ដើម្បីដាក់ពន្ធនាគារនិងពិន័យអ្នកដែលបំពានវិធានការទប់ស្កាត់ជំងឺកូវីដ១៩ ខណៈដែលជនបរទេសមួយចំនួនក៏នឹងត្រូវបានដកហូតលិខិតអនុញ្ញាតឲ្យធ្វើការនៅក្នុងប្រទេសនេះផងដែរ៕

ប្រែសម្រួល៖ នីតា