ព័ត៌មានអន្តរជាតិ

ហុងកុងចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩ដល់ពលរដ្ឋទូទៅ

image

ទីក្រុងហុងកុងបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ដល់ពលរដ្ឋទូទៅនៅថ្ងៃសុក្រនេះដែលជាការចាប់ផ្តើមកម្មវិធីចាក់វ៉ាក់សាំងដោយឥតគិតថ្លៃដល់ពលរដ្ឋរបស់ខ្លួនទាំងអស់ដែលមានចំនួនប្រមាណ៧.៥លាននាក់។

បច្ចុប្បន្ននេះ អ្នកដែលមានអាយុចាប់ពី៦០ឆ្នាំឡើងទៅនិងបុគ្គលិកសុខាភិបាលគឺស្ថិតនៅក្នុងចំណោមក្រុមមនុស្ស២.៤លាននាក់ដែលទទួលបានអាទិភាពចាក់វ៉ាក់សាំងមុនគេនៅមណ្ឌលសុខភាពនិងគ្លីនិកនៅទូទាំងទីក្រុងហុងកុង។

ទីក្រុងហុងកុងបានប្រើប្រាស់វ៉ាក់សាំងរបស់ក្រុមហ៊ុនឱសថចិន ស៊ីណូវ៉ាក់ (Sinovac) ខណៈដែលវ៉ាក់សាំងនោះចំនួន១លានដូសបានដឹកជញ្ជូនទៅដល់ហុងកុងកាលពីសប្តាហ៍មុន ហើយមេដឹកនាំហុងកុងលោកស្រី ខារី ឡាំ (Carrie Lam) និងមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលជាច្រើនរូបទៀតបានចាក់មុនគេក្នុងគោលបំណងដើម្បីបង្កើនទំនុកចិត្តដល់ពលរដ្ឋ។

ការស្ទង់មតិដែលត្រូវបានចេញផ្សាយកាលពីខែមករាដោយសាកលវិទ្យាល័យទីក្រុងហុងកុងបានបង្ហាញថា ពលរដ្ឋមានការព្រួយបារម្ភអំពីប្រសិទ្ធភាពរបស់វ៉ាក់សាំងក្រុមហ៊ុនចិន ស៊ីណូវ៉ាក់ (Sinovac) ។

ក្រុមអ្នកជំនាញហុងកុងបាននិយាយថា វ៉ាក់សាំងរបស់ក្រុមហ៊ុន ស៊ីណូវ៉ាក់ (Sinovac) ដែលតម្រូវឲ្យចាក់២ដូស ហើយគម្លាតរយៈពេលពីដូសទី១ទៅដូសទី២មានរយៈពេល២១ថ្ងៃនោះមានប្រសិទ្ធភាព៦២.៣%។ រីឯការសិក្សានៅក្នុងប្រទេសអ៊ីស្រាអែលរកឃើញថាវ៉ាក់សាំងរបស់ក្រុមហ៊ុន ហ្វយហ្ស័រ (Pfizer) មានប្រសិទ្ធភាពដល់៩២%។

គួរបញ្ជាក់ថា មកទល់ពេលនេះរដ្ឋាភិបាលហុងកុងបានអនុម័តឲ្យប្រើប្រាស់វ៉ាក់សាំងទាំងពីរនោះគឺវ៉ាក់សាំងរបស់ក្រុមហ៊ុន ស៊ីណូវ៉ាក់ (Sinovac) និងក្រុមហ៊ុន ហ្វាយហ្ស័រ (Pfizer) ៕

ប្រែសម្រួល៖ នីតា