ព័ត៌មានជាតិ

ខេត្តកោះកុងបើកយុទ្ធនាការចាក់វ៉ាក់សាំងជាលើកទីពីរ ជូនដល់មន្ត្រីសុខាភិបាលនិងកងកម្លាំងស្នងការនគរបាលខេត្ត

image

អត្ថបទ៖ តាំង សុន្នី  

កោះកុង៖ អភិបាលខេត្តកោះកុងចុះពិនិត្យសម្ភារបរិក្ខាពេទ្យ និងសួរសុខទុក្ខ មន្ត្រីសុខាភិបាល កងកម្លាំងនគរបាល ក្នុងយុទ្ធនាការ ចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ១៩ ជាលើកទីពីរ បន្ទាប់ពីទទួលបានវ៉ាក់សាំង ១៨០០ដូស ពីរដ្ឋាភិបាល។

ថ្លែងក្នុងដំណើរចុះពិនិត្យ និងសួរសុខទុក្ខ មន្ត្រីសុខាភិបាល និងកងកម្លាំងស្នងការនគរបាល ក្នុងយុទ្ធនាការ ចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ១៩ នៅមន្ទីរពេទ្យបង្អែកខេត្តកោះកុង កាលពីថ្ងៃទី២៥ កុម្ភៈ ២០២១ លោកស្រី មិថុនា ភូថង អភិបាលនៃគណៈអភិបាលខេត្តកោះកុង បានមានប្រសាសន៍ថា ក្រោយពីទទួលបានការចាក់វ៉ាក់សាំងដល់កងកម្លាំងប្រដាប់អាវុធ ទាំង ០៣ប្រភេទ និងមន្ត្រីសុខាភិបាល ដែលយុទ្ធនាការនេះ បានជំរុញស្មារតី និងលើកទឹកចិត្តដល់ពួកគាត់ក្នុងការចុះអនុវត្តន៍វិធានការរឹតបន្តឹង ការឆ្លងដែនខុសច្បាប់របស់ពលករខ្មែរពីប្រទេសថៃ ខណៈកន្លងមកជួបផលលំបាកក្នុងការអនុវត្តន៍វិធាន តាមគោលការណ៍របស់ក្រសួងសុខាភិបាល។

លោក គង់ មនោ ស្នងការនគរបាលខេត្ត បានអះអាងផងដែរថា បន្ទាប់ពីរូបលោក និងកងកម្លាំងនគរបាលរបស់លោក ទទួលបានការចាក់វ៉ាក់សាំង ការពារជំងឺកូវីដ១៩ កងកម្លាំងទាំងអស់ហាក់មានទឹកចិត្តបន្ថែមទៀត ក្នុងការចុះបំពេញភារកិច្ច ល្បាតតាមគោលដៅរបស់គេរៀងៗខ្លួន។

លោក ទៅ ម៉ឹង ប្រធានមន្ទីរសុខាភិបាល បានគូសបញ្ជាក់ថា ពុំមានហេតុការណ៍អ្វីគួរឲ្យកត់សម្គាល់ឡើយ ក្រោយពីការចាក់វ៉ាក់សាំងដល់ក្រុមគ្រូពេទ្យ និងកងកម្លាំងនគរបាល ខណៈមុនការចាក់វ៉ាក់សាំងនេះ គ្រូពេទ្យជំនាញបានធ្វើការពិនិត្យសុខភាពយ៉ាងយកចិត្តទុកដាក់ខ្ពស់បំផុត៕