ព័ត៌មានជាតិ

គណៈកម្មការជំនាញរដ្ឋសភា ចាប់ផ្តើមពិនិត្យមើលសេចក្តីព្រាងច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត 

image

ភ្នំពេញ៖ លោកកិត្តិនីតិកោសលបណ្ឌិត ប៉ែន បញ្ញា ប្រធានគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា បានដឹកនាំកិច្ចប្រជុំផ្ទៃក្នុង ដើម្បីពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់ស្តីពីវិធានការទប់ ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត កាលពីរសៀលថ្ងៃទី២ ខែមីនា ឆ្នាំ២០២១ នៅវិមានរដ្ឋសភា ។

សេចក្តីព្រាងច្បាប់នេះមាន ៦ជំពូក និង ១៨មាត្រា ត្រូវបានលោកកិត្តិនីតិកោសលបណ្ឌិត ប៉ែន បញ្ញា ស្នើឲ្យពិនិត្យសិក្សាសេចក្តីព្រាងច្បាប់នេះឲ្យបានល្អិតល្អន់ និងគ្រប់ជ្រុងជ្រោយ ដើម្បីជួបប្រជុំជាមួយរាជរដ្ឋាភិបាលក្នុងពេលឆាប់ៗនេះ។

នៅក្នុងកិច្ចប្រជុំនោះ លោកកិត្តិនីតិកោសលបណ្ឌិត ប៉ែន បញ្ញាមាន ប្រសាសន៍ថា គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា បានសម្រេចប្រគល់សេចក្តីព្រាងច្បាប់ស្តីពី វិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត មកជូនគណៈកម្មការទី៨ សហការជាមួយគណៈកម្មការទី៦ នៃរដ្ឋសភា ធ្វើការពិនិត្យ និងសិក្សា តាមសំណើរបស់រាជរដ្ឋាភិបាល។ លោកកិត្តិនីតិកោសលបណ្ឌិត បានបន្តថា ក្នុងបរិការណ៍ដែលពិភពលោកកំពុងប្រឈមមុខនឹងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ កាន់តែសាហាវ ស្មុគស្មាញ និងក្នុងទ្រង់ទ្រាយកាន់តែធំ ដែលបានបង្កឱ្យមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុខភាពសាធារណៈ វិស័យសេដ្ឋកិច្ច និងសង្គម ព្រមទាំងជីវភាពរស់នៅជាប្រក្រតីរបស់មនុស្សជាតិ។ 

លោកកិត្តិនីតិកោសលបណ្ឌិត ប៉ែន បញ្ញា បានបញ្ជាក់ថា សេចក្តីព្រាងច្បាប់នេះ បានកំណត់អំពីវិធានការសុខាភិបាល វិធានការរដ្ឋបាល និងវិធានការផ្សេងទៀតដែលត្រូវអនុវត្តដើម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត ក្នុងពេលបច្ចុប្បន្ន និងពេលអនាគត សំដៅការពារអាយុជីវិតរបស់ប្រជាពលរដ្ឋ សុខភាពសាធារណៈ និងសណ្តាប់ធ្នាប់សាធារណៈ ព្រមទាំងកាត់បន្ថយឲ្យបានជាអតិបរមានូវផលប៉ះពាល់នៃការឆ្លងជំងឺនេះ ចំពោះវិស័យសង្គម និងសេដ្ឋកិច្ច។

 លោកកិត្តិនីតិកោសលបណ្ឌិត បន្ថែមថា សេចក្តីព្រាងច្បាប់នេះ មានមូលដ្ឋានគតិយុត្តមួយរឹងមាំ និងគ្រប់ជ្រុងជ្រោយបន្ថែមទៀត ដល់ការគ្រប់គ្រងស្ថានការណ៍នៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេង នៅកម្ពុជា៕

ដោយ វង សុភ័ក្រ្ត