សន្តិសុខសង្គម

បញ្ជូនសង្ស័យចំនួន ៨នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន

image



ភ្នំពេញ៖ កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនសង្ស័យចំនួន ៨នាក់ ទៅតុលាការ ពាក់ព័ន្ធនឹងករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀនដោយខុសច្បាប់ ក្រោយពីបង្ក្រាបបានជាបន្តបន្ទាប់ចំនួន ៣ករណីផ្សេងគ្នា ដោយចាប់យកនូវវត្ថុតាងគ្រឿងញៀន ចំនួន ៤៥កញ្ចប់តូច និងធំ រួមនិងសម្ភារសម្រាប់សេពគ្រឿងញៀនបានមួយចំនួនទៀត។

សូមបញ្ជក់ថា ករណីបង្ក្រាបគ្រឿងញៀនទាំង ៣ករណីនោះគឺ ករណីទី១ នៅវេលាម៉ោង ១៥:៥០នាទី ថ្ងៃទី២ ខែមីនា ឆ្នាំ២០២១ កម្លាំងជំនាញមូលដ្ឋានអាវុធហត្ថខណ្ឌកំបូល បានធ្វើការឃាត់ខ្លួនជាក់ស្តែងជនសង្ស័យចំនួន ១នាក់ ពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់ នៅចំណុចរោងស្នាក់នៅកម្មករសំណង់ ស្ថិតក្នុងភូមិថ្មដា សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។ ជនសង្ស័យមានឈ្មោះ ម៉ៃ ភីន (ហៅអឹម) ភេទប្រុស អាយុ ៣៦ឆ្នាំ មុខរបរមិនពិតប្រាកដ បច្ចុប្បន្នស្នាក់នៅភូមិថ្មដា សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។

ករណីទី២ នៅវេលាម៉ោង ១១:០០នាទី ថ្ងៃទី៣ ខែមីនា ឆ្នាំ២០២១ កម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌជ្រោយចង្វារ បានឃាត់ខ្លួនជនសង្ស័យចំនួន ៥នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន នៅចំណុចដីឡូត៍មួយកន្លែង ភូមិដើមគរ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

ជនសង្ស័យទាំង ៥នាក់ឈ្មោះ មឿន វណ្ណៈ ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរនៅផ្ទះ ទីលំនៅបច្ចុប្បន្នភូមិដើមគរ សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ, ឈ្មោះ ពុំ យឿន ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរកម្មករសំណង់ មានទីលំនៅបច្ចុប្បន្នភូមិដើមគរ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ, ឈ្មោះ រិន ដាវ ភេទប្រុសអាយុ១៦ឆ្នាំ មុខរបរនៅផ្ទះ មានទីលំនៅបច្ចុប្បន្នភូមិដើមគរ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ, ឈ្មោះ កង អូន ហៅតឿ ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរកម្មករសំណង់ ទីលំនៅបច្ចុប្បន្នភូមិដើមគរ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ, ឈ្មោះ អោប ខួច ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរនៅផ្ទះ ទីលំនៅបច្ចុប្បន្នភូមិដើមគរ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

ករណីទី៣ នៅវេលាម៉ោង ១៥:២០នាទី ថ្ងៃទី៣ ខែមីនា ឆ្នាំ២០២១ កម្លាំងជំនាញមូលដ្ឋានអាវុធហត្ថខណ្ឌកំបូល បានធ្វើការឃាត់ខ្លួនជាក់ស្តែងជនសង្ស័យចំនួន ២នាក់ ពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់ នៅចំណុចបន្ទប់ជួលគ្មានលេខ ស្ថិតក្នុងភូមិ តាកេរ្ត៍ សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ។

ជនសង្ស័យទាំង ២នាក់ ឈ្មោះ ជា សោ ភេទប្រុស អាយុ ៣៦ឆ្នាំ មុខរបរ មិនពិតប្រាកដ បច្ចុប្បន្នស្នាក់នៅភូមិតាកេរ្ត៍ សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ, ឈ្មោះ ភួង សំអុល ភេទប្រុស អាយុ ៤២ឆ្នាំ មុខរបរមិនពិតប្រាកដ។ បច្ចុប្បន្នរស់នៅភូមិអង្គកែវ សង្កាត់ចោមចៅ៣ ខណ្ឌ ពោធិ៍សែនជ័យ រាជធានីភ្នំពេញ៕