ក្រសួងមហាផ្ទៃ ណែនាំបន្ថែមដល់អភិបាលរាជធានីជុំវិញដំណើរការអង្គភាពច្រកចេញចូលតែមួយឱ្យបានលឿននិងប្រសិទ្ធភាព
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានផ្ញើលិខិតមួយ កាលពីថ្ងៃទី២ ខែសីហា ទៅកាន់អភិបាលនៃ គណៈភិបាលរាជធានីខេត្តទាំង២៥ ក្នុងប្រទេសកម្ពុជា ដើម្បីណែនាំបន្ថែមពីការដាក់អោយដំណើរការអង្គភាពច្រកចេញចូល តែមួយ នៅតាមរាជធានីខេត្តទាំងអស់។
តាមរយៈលិខិតនេះ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានរំលឹកថា នាពេលកន្លងមក ក្រសួងមហាផ្ទៃបានតម្រូវរដ្ឋបាលរាជធានីខេត្ត ទាំងអស់ ត្រូវរៀបចំនិងដាក់ដំណើរការអង្គភាពច្រកចេញចូលតែមួយអោយបានយ៉ាងយូរ ក្នុងសប្តាហ៍ទី៣ នៃខែកក្កដាឆ្នាំ ២១០៨ ប៉ុន្តែរហូតមកដល់ពេលនេះក្រសួងមហាផ្ទៃពិនិត្យឃើញថា រាជធានីខេត្តមួយចំនួនបានចាប់ផ្ដើមដំណើរការអង្គភាពច្រកចេញ ចូលតែមួយរួចហើយ ប៉ុន្តែខេត្តមួយចំនួនទៀតកំពុងរៀបចំដាក់ឱ្យដំណើរការនៅឡើយ ទន្ទឹមនឹងនេះ រដ្ឋបាលរាជធានីខេត្ត ក៏បានជួបប្រទះនូវបញ្ហាប្រឈមក្នុងការផ្ទេរការផ្ដល់សេវាមួយចំនួនមកផ្តល់តាមអង្គភាពច្រកចេញចូលតែមួយដោយសារប្រភេទសេវាទាំងនោះមានលក្ខណៈស្មុគស្មាញនិងកំពុងគ្រប់គ្រងដោយប្រព័ន្ធព័ត៌មានវិទ្យានៅក្រសួងស្ថាប័នជំនាញ។

ការប្រឈមនឹងបញ្ហាបែបនេះដើម្បីធានានិរន្តរភាពនៃការផ្ដល់សេវារដ្ឋបាលជូនប្រជាពលរដ្ឋនិងធានាដល់ការចាប់ផ្ដើមដំណើរការអង្គភាពច្រកចេញចូលតែមួយនៅតាមបណ្ដារាជធានីខេត្តឲ្យបានចំនួនតាមការកំណត់ក្រសួងមហាផ្ទៃ បានធ្វើការណែនាំ ដល់រាជធានី ខេត្តនិងកិច្ចការមួយចំនួនបន្ថែមទៀតដូចជា៖


-ស្នើឲ្យរដ្ឋបាលរាជធានីខេត្តសហការជាមួយមន្ទីរអង្គភាពពាក់ព័ន្ធមួយចំនួនដែលមានប្រភេទសេវាផ្ដល់ដោយប្រព័ន្ធ ស្វ័យប្រវត្តិកម្មនៃប្រភេទសេវាដែលមានលក្ខណៈស្មុគស្មាញដែលមិនអាចផ្ទេរមកផ្ដល់នូវភាពច្រកចេញចូលតែមួយទាំងស្រុងបានភ្លាមៗ ដើម្បីកំណត់អំពីរបៀបនៃការផ្ដល់សេវាទាំងនោះជាបណ្ដោះអាសន្ន ក្នុងគោលបំណងធានានិរន្តរភាពនៃការផ្ដល់សេវា ទាំងនោះផង និងធានាឱ្យមានការចាប់ផ្ដើមដំណើរការផ្ដល់សេវាទាំងនោះនៅក្នុងអង្គភាពច្រកចេញចូលតែមួយផង។ ក្នុងករណីដែលពុំអាចកំណត់នូវរបៀបនៃការផ្ដល់សេវាទាំងនោះបានទេ រដ្ឋបាលរាជធានីខេត្តអាចអនុញ្ញាតឱ្យមន្ទីរនិងអង្គភាព ជំនាញបន្តផ្ដល់សេវាទាំងនោះ នៅតាមមន្ទីរឬអង្គភាពជំនាញជាបណ្ដោះអាសន្នសិននិង ត្រូវខិតខំសម្របសម្រួលដើម្បីផ្ទេរការ ផ្ដល់សេវាទាំងនោះមកអង្គភាពច្រកចេញចូលតែមួយឲ្យបានឆាប់រហ័សបំផុត។

-រដ្ឋបាលរាជធានីខេត្តត្រូវសម្របសម្រួល និងណែនាំដល់មន្ទីរនិងអង្គភាពជំនាញពាក់ព័ន្ធមួយចំនួនឲ្យបន្តចុះហត្ថលេខាលើ ប្រភេទអាជ្ញាបណ្ណ ឬប័ណ្ណអនុញ្ញាតទាំងឡាយណា ដែលបានបោះពុម្ពនិងមានប្រព័ន្ធគ្រប់គ្រងទិន្នន័យដោយក្រសួងស្ថាប័ន ជំនាញ ដើម្បីធានានិរន្តរភាពនៃការផ្តល់សេវាជូនប្រជាពលរដ្ឋ។
-រដ្ឋបាលរាជធានីខេត្តត្រូវខិតខំសម្របសម្រួលនិងដោះស្រាយនូវរាល់បញ្ហាប្រឈមផ្សេងៗទៀតដែលអាចកើតមាន ឡើងដើម្បីធានាឲ្យបាននូវការចាប់ផ្ដើមដំណើរការផ្ដល់សេវារដ្ឋបាលតាមអង្គភាពច្រកចេញចូលតែមួយ ស្របតាម ខ្លឹមសារអនុក្រឹត្យនៃការបង្កើតយន្តការច្រកចេញចូលតែមួយ សម្រាប់ការផ្ដល់សេវារដ្ឋបាលនៅរដ្ឋបាលថ្នាក់ក្រោមជាតិ។

តាមរយៈលិខិតដដែលនេះ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបញ្ជាក់ថា ក្រសួងមហាផ្ទៃ នឹងសហការជាមួយនឹងក្រសួងស្ថាប័នពាក់ព័ន្ធ ដើម្បីពិនិត្យនិងកែសម្រួលប្រព័ន្ធស្វ័យប្រវត្តិកម្ម សម្រាប់ការផ្ដល់សេវា និងគំរូអាជ្ញាប័ណ្ណឬបានអនុញ្ញាតមួយចំនួន ដែលគ្រប់គ្រង ដោយក្រសួងស្ថាប័នទាំងនោះដើម្បីផ្ទេរការផ្ដល់សេវាទាំងស្រុង មកឲ្យអង្គភាពច្រកចេញចូលតែមួយ រាជធានីខេត្តឲ្យ បានឆាប់រហ័ស៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation