មនុស្ស ៦នាក់ត្រូវបានចាប់ខ្លួនបន្ទាប់ពីមានការប៉ុនប៉ងធ្វើឃាតប្រធានាធិបតីប្រទេសវ៉េណេស៊ុយអេឡា
| ព័ត៌មានអន្តរជាតិ
SHARE

(វ៉េណេស៊ុយអេឡា) ៖ រដ្ឋមន្ត្រីមហាផ្ទៃវេណេស៊ុយអេឡា លោក ណែស្ទ័រ រីវើសល( Néstor Reverol ) បានឱ្យដឹងថា មនុស្ស០៦នាក់ ត្រូវបានចាប់ខ្លួនដោយ សង្ស័យថាមានជាប់ពាក់ព័ន្ធនឹងការប៉ុនប៉ងធ្វើឃាត លោកប្រធានាធិបតី នីកូឡាស់ ម៉ាឌូរ៉ូ។


រដ្ឋមន្ត្រីមហាផ្ទៃបានបន្តថា ជនសង្ស័យទាំង០៦នាក់ខាងលើ គឺជាសមាជិកនៃមនុស្សមួយក្រុមដែលបានបញ្ជាយន្ដហោះដ្រូន បំពាក់គ្រឿងផ្ទុះ ធ្វើសកម្មភាពវាយប្រហារលើលោក ម៉ាឌូរ៉ូ នៅអំឡុងពិធីព្យុហយាត្រាយោធាមួយ កាលពីថ្ងៃអាទិត្យ ក្នុងរដ្ឋធានី ការ៉ាកាស់។ ចំណែកឯ លោក ម៉ាឌូរ៉ូ ដែលបានរួចផុតពីការវាយប្រហារនេះ ក៏បានព្រមានដែរអ្នកជាប់ពាក់ព័ន្ធនឹងការវាយប្រហារនេះ ថា នឹងត្រូវទទួលទោសធ្ងន់ធ្ងរ ខណៈលោកផ្ទាល់ចោទថាសហរដ្ឋអាមេរិក កូឡុំប៊ី និងក្រុមប្រឆាំងនៅក្នុងប្រទេសគឺជាអ្នកនៅពី ក្រោយការប៉ុនប៉ងធ្វើឃាតរូបលោក។

ឆ្លើយតបនឹងការចោទប្រកាន់របស់ លោក ម៉ាឌូរ៉ូ រដ្ឋាភិបាលកូឡុំប៊ី បានចាត់ទុកថាការចោទប្រកាន់របស់លោក ម៉ាឌូរ៉ូ គឺគ្មានភស្ដុតាង និងគ្មានមូលដ្ឋាន ប៉ុន្តែអ្វីដែល សំខាន់ក្រុមអ្នកប្រឆាំងនៅក្នុងប្រទេស កំពុងព្រួយបារម្ភខ្លាចក្រែងប្រធានាធិបតីវេណេស៊ុយអេឡារូបនេះ ប្រើប្រាស់វាជាលេស ដើម្បីបង្រ្កាប និងបំបិទសំឡេងគណបក្សប្រឆាំង។

ដោយឡែកទីប្រឹក្សាសន្តិសុខជាតិអាមេរិកលោក ចន បូលតុន (John Bolton) បាននិយាយថា រដ្ឋាភិបាលទីក្រុងការ៉ាកាស់ ខ្លួនឯងទំនងជាអ្នក រៀបចំឈុតឆាតនៃការវាយប្រហារដោយយន្ដហោះដ្រូន ប៉ុនប៉ងធ្វើឃាតលោកប្រធានាធិបតី នីកូឡាស់ ម៉ាឌូរ៉ូ។
ប្រតិកម្មរបស់លោក Bolton កើតឡើងបន្ទាប់ពីប្រធានាធិបតីវេណេស៊ុយអេឡា លោក ម៉ាឌូរ៉ូ បានចោទប្រកាន់សហរដ្ឋអាមរិក គណបក្សប្រឆាំង និងរដ្ឋាភិបាលកូឡុំប៊ី គឺជាអ្នកនៅពីក្រោយការវាយប្រហារដោយយន្ដហោះដ្រូន ដើម្បីធ្វើឃាតរូបលោកដោយ មិនបានបង្ហាញភស្ដុតាងអ្វីទាំងអស់។

គួរបញ្ជាក់ថា យោងតាមសកម្មភាពក្នុងឃ្លីប វីដេអូនិងរូបភាពពីស្ថានីយទូរទស្សន៍រដ្ឋវេណេស៊ុយអេឡា បានបង្ហាញឲ្យឃើញថា កំពុងតែថ្លែងសុន្ទរកថាសុខៗ ស្រាប់តែលោក ម៉ាឌូរ៉ូ បានងើយមើលទៅលើមេឃ រួចមានសំឡេងផ្ទុះឡើង ហើយក្រុមអង្គរក្សក៏បានស្ទុះយកខែលមកការពាររូបលោក ខណៈដែលក្បួនព្យុហយាត្រាយោធា បានបំបែកគ្នាយ៉ាងប្រសាចចេញពីកន្លែងកើតហេតុ។

បើតាមរដ្ឋមន្ត្រីមហាផ្ទៃវេណេស៊ុយអេឡា ឱ្យដឹងថា ផែនការវាយប្រហារខាងលើទទួលបរាជ័យ គឺដោយសារប៉ូលិសការពារក្នុងតំបន់ បានបាញ់ទម្លាក់ឧបករណ៍ដ្រូនមួយគ្រឿង ដែលបានព្យាយាមវាយប្រហារមកលើកន្លែងកើតហេតុ ជាទីដែលមន្រ្តីជាន់ខ្ពស់វេណេស៊ុយអេឡា រួមមានទាំងលោក នីកូឡាស់ ម៉ាឌូរ៉ូ មានវត្តមាន៕(CNC)

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation