រដ្ឋាភិបាលស៊ូដង់ខាងត្បូង និងក្រុមឧទ្ទាមបានឈានដល់ការចុះកិច្ចព្រមព្រៀងសន្តិភាព
| ព័ត៌មានអន្តរជាតិ
SHARE

(ស៊ូដង់ខាងត្បូង)៖ ប្រធានាធិបតីស៊ូដង់ខាងត្បូងនិងប្រមុខក្រុមឧទ្ទាមសំខាន់របស់ប្រទេសនេះបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងឈប់បាញ់គ្នា ចុងក្រោយនិងកិច្ចព្រមព្រៀងចែកចាយអំណាចនៅថ្ងៃអាទិត្យ ទី៥ សីហា ដែលជាការចាប់ផ្តើមនៃយុគសម័យសន្តិភាពថ្មីសម្រាប់ប្រទេសនេះ។

ប្រធានាធិបតីស៊ូដង់ខាងត្បូងលោក Salva Kiir បានអំពាវនាវ ឱ្យមេដឹកនាំក្រុមឧទ្ទាមទាំងអស់គោរពតាមកិច្ចព្រមព្រៀងនេះនិងបញ្ចប់ជម្លោះនិង សង្គ្រាមនៅក្នុងប្រទេស។

អតីតអនុប្រធានាធិបតីស៊ូដង់និងជាមេដឹកនាំក្រុមឧទ្ទាមលោក Riek Machar បាននិយាយបន្ទាប់ពីការចុះហត្ថលេខាថា កិច្ចព្រមព្រមសន្តិភាពនេះមិនមែនធ្វើឡើងសំរាប់តែប្រទេសស៊ូដង់ខាងត្បូងនោះទេ ប៉ុន្តែគឺសម្រាប់ពិភពលោកទាំងមូល។

សូមជំរាបថា ស៊ូដង់ខាងត្បូងទទួលបានឯករាជ្យពីស៊ូដង់ក្នុងឆ្នាំ២០១១ ប៉ុន្តែសង្គ្រាមស៊ីវិលបានផ្ទុះឡើងពីរឆ្នាំក្រោយមក រវាងរដ្ឋាភិបាលដែលដឹកនាំដោយ ប្រធានាធិបតីស៊ូដង់ខាងត្បូង លោក Salva Kiir និងចលនាឧទ្ទាមដែលដឹកនាំដោយលោក Riek Machar។

ជម្លោះនេះបានសម្លាប់មនុស្សរាប់ម៉ឺននាក់និងជម្លៀសប្រជាពលរដ្ឋស៊ូដង់ខាងត្បូងប្រមាណ ១២ លាននាក់ ហើយបានបំផ្លាញសេដ្ឋកិច្ចរបស់ប្រទេសនេះ ដែលពឹងផ្អែកយ៉ាងខ្លាំងលើការផលិតប្រេងឆៅ។

ប្រទេសស៊ូដង់និងក្រុម IGAD (អាជ្ញាធរអន្តររដ្ឋាភិបាលសម្រាប់ការអភិវឌ្ឍ) ជាអ្នកសម្របសម្រួលដល់កិច្ចព្រមព្រៀងនេះ។

សូមរំលឹកថា កិច្ចព្រមព្រៀងសន្តិភាពនាពេលកន្លងមកបានប្រព្រឹត្តទៅត្រឹមតែប៉ុន្មានខែប៉ុណ្ណោះ មុនពេលការប្រយុទ្ធបានបន្តឡើងវិញដែលលោក Salva Kiir បានស្តីបន្ទោសទៅលើឥទ្ធិពលរបស់បរទេស។ នៅពេលចាកចេញពីទីក្រុង Juba ដែលជារដ្ឋធានីនៃប្រទេសស៊ូដង់ខាងត្បូងកាលពីនៅថ្ងៃសុក្រទី៣ សីហា លោក Salva Kiir បាននិយាយថា លោកជឿជាក់ថាកិច្ចព្រមព្រៀងសន្តិភាពថ្មីរវាងរដ្ឋាភិបាល និងក្រុមឧទ្ទាមចម្បង នាលើកនេះ នឹងមិនបរាជ័យនោះទេ ពីព្រោះកិច្ចព្រមព្រៀងនេះ ធ្វើឡើងដោយស្មគ្រ័ចិត្តពីគ្រប់ភាគី មិនមែនចាំបង្ខំដូចកិច្ចព្រមព្រៀងពីមុនទេ៕(CNC)

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation