មន្ត្រីជំនាញព្រមានស្រាវជ្រាវរកឱ្យទាល់តែឃើញរាល់ទីតាំងផលិតផលិតផលក្លែងក្លាយ
| ព័ត៌មានជាតិ
SHARE

(ភ្នំពេញ)៖ ឯកឧត្តម មៀច សុផាន់ណា អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម ដែលហៅកាត់ថា គ.ប.ផ.ក.បានព្រមានជាថ្មីទៀតដល់ឈ្មួញទុច្ចរិតទាំងអស់ដែលរកស៊ីខុសច្បាប់ និងផលិតផលក្លែងក្លាយនឹងមិនរួចខ្លួនពីសំណាញ់ច្បាប់នោះឡើយប្រសិនបើក្រុមការងារនិងអាជ្ញាធរស្រាវជ្រាវរកឃើញទីតាំងផលិតនោះ។

ឯកឧត្តម មៀច សុផាន់ណា អះអាងថា កន្លងមកអាជ្ញាធរក្រសួងមហាផ្ទៃបានឃាត់ខ្លួនមនុស្ស១០នាក់បញ្ជូនទៅកាន់តុលាការ ដោយជាប់សង្ស័យពាក់ព័ន្ធនឹងផលិតផលក្លែងក្លាយដូចជាសាច់ប៉ាតេ ធ្វើម្រេចក្លែងក្លាយ ទឹកបរិសុទ្ធ និងស្រាបៀរជាដើម។


នៅក្នុងសន្និសីទសារព័ត៌មាននៅរសៀលថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៨នេះនៅទីស្តីការក្រសួងមហាផ្ទៃ ឯកឧត្តម មៀច សុផាន់ណា បានឱ្យដឹងថា ក្រៅពីបានឃាត់ខ្លួនមនុស្សយ៉ាងតិចចំនួន១០នាក់ គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ បានរឹបអូសផលិតផលក្លែងក្លាយ និងខុសច្បាប់៨៨តោនដាច់ដោយឡែកពីគ្នាជាបន្តបន្ទាប់នៅរាជធានីភ្នំពេញកាលពីកន្លងទៅនេះ។


ប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយរូបនេះ បន្តថា ជនសង្ស័យទាំងនោះបានបញ្ជូនទៅកាន់តុលាការហើយ ហើយវត្ថុតាង ដែលអាជ្ញាធររឹបអូសបាននេះក៏នឹងត្រូវកម្ទេចចោល ប៉ុន្តែលោកមិនបានបញ្ជាក់ថា នឹង ត្រូវកម្ទេចចោលថ្ងៃណានោះទេ ខណៈវត្ថុតាងទាំងនេះកំពុងរក្សាទុកនៅក្រសួងមហាផ្ទៃនៅឡើយ។

ឯកឧត្តម មៀច សុផាន់ណាបន្តថា ផលិតផលក្លែងក្លាយទាំងនោះគឺមានចំនួន៨៨ តោនដូចជាសម្ភារសម្រាប់ ផលិតសាច់ប៉ាតេមិនអនុលោមតាមច្បាប់ ករណីបើកសិប្បកម្មផលិតម្រេច និងកាហ្វេមិនអនុលោមតាមច្បាប់ និងករណី នាំចូលផលិត វេចខ្ចប់ខុសច្បាប់លើផលិតផលម៉ាក Saint Amand ទឹកបរិសុទ្ធ Evian ស្រាបៀរម៉ាក់Coronaនិងផលិតមួយចំនួនទៀត ដែលផលិតផលទាំងនេះអាចធ្វើឲ្យប៉ះពាល់ដល់សុខភាពអ្នកបរិភោគយ៉ាងខ្លាំង។

សូមរំលឹកថាកាលពីកន្លងទៅថ្មីៗ អាជ្ញាធរបានធ្វើការបំផ្លាញចោលនូវផលិតផលក្លែងក្លាយរាប់រយតោន នៅទីលានដុតសម្រាមបឹងជើងឯករាជធានីភ្នំពេញ និងមួយកន្លែងទៀតនៅខេត្តកំពង់ស្ពឺក្រោយពីរឹបអូសបានពីឈ្មួញទុច្ចរិតជាបន្តបន្ទាប់ ផលិតផលក្លែង ក្លាយនិងខូចគុណភាពទាំងនោះមានដូចជាថ្នាំពេទ្យ គ្រឿងសំអាង ភេសជ្ជៈ និងគ្រឿងបរិភោគជាច្រើនទៀត៕(អត្ថបទ៖ ឃឹម វិសាល)


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation