ជប៉ុននឹងជំរុញឲ្យវិនិយោគិនខ្លួន បង្កើនការវិនិយោគលើឧស្សាហកម្មផលិតគ្រឿងបន្លាស់យានយន្ត និងគ្រឿងអេឡិចត្រូនិកកាន់តែច្រើននៅកម្ពុជា
| ព័ត៌មានជាតិ
SHARE

ក្រៅពីដៃគូសហប្រតិបត្តិការផ្តល់កម្ចី និងជំនួយដ៏សំខាន់សម្រាប់អភិវឌ្ឍន៍ប្រទេសកម្ពុជានោះ ជប៉ុនក៏ជាប្រទេស ដែលមានវិនិយោគិនបណ្តាក់ទុករកស៊ីនៅក្នុងប្រទេសកម្ពុជាច្រើនណាស់ដែរ បើធៀបជាមួយបណ្តាវិនិយោគិនមកពីប្រទេសដទៃទៀត។

ឆ្នាំនេះ គឺជាខួបគម្រប់ ៦៥ឆ្នាំនៃចំណងមិត្តភាពការទូតនៃប្រទេសទាំងពីរ។ កាលពីកន្លងទៅនេះ នាយករដ្ឋមន្ត្រីជប៉ុន លោក Shinzo Abe បានសន្យាថា នឹងជួយឲ្យប្រទេសកម្ពុជា ក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០។

ឯកឧត្តម ហ៊ីដេហ៊ីសា ហូរីណូអ៊ុជី ឯកអគ្គរាជទូតជប៉ុនប្រចាំនៅព្រះរាណាចក្រកម្ពុជា បានឲ្យដឹងថា ដើម្បីជួយឲ្យប្រទេសកម្ពុជា ក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ ដូចអ្វីដែលនាយករដ្ឋមន្ត្រីជប៉ុន Shinzo Abe ជាមួយសម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន នាពេលកន្លងមក ជប៉ុន នឹងជួយកម្ពុជា ផ្តោតទៅលើ ៣ចំណុចសំខាន់ គឺទី១ ការជំរុញលើកស្ទួយផ្នែកឧស្សាហកម្ម ទី២ ការកែលម្អរជីវភាពរស់នៅរបស់ប្រជាជន និងទី ៣ គឺការពង្រឹងអភិបាលកិច្ច។

ឯកឧត្តមបានបញ្ជាក់ថា ចំពោះវិស័យឧស្សាហកម្មរដ្ឋាភិបាលជប៉ុន នឹងជួយជំរុញឲ្យមានការវិនិយោគកាន់តែច្រើនទៅលើរោងចក្រផលិតគ្រឿងបន្លាស់នៅប្រទេសកម្ពុជា ជាពិសេសនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ស្របពេលដែលប្រទេសកម្ពុជាមានទីតាំងភូមិសាស្ត្រល្អ ដែលស្ថិតនៅចំកណ្តាលរវាងប្រទេសវៀតណាម និងថៃ ព្រមទាំងមានកំណើនសេដ្ឋកិច្ចខ្ពស់ ៧ភាគរយជាប្រចាំ។

ឯកឧត្តម បានថ្លែងទៀតថា ក្រុមហ៊ុនក្នុងវិស័យផលិតកម្មរថយន្តជប៉ុន កំពុងតែស្វែងរកទី តាំងថ្មី សម្រាប់ពង្រីកផលិតកម្មគ្រឿងបន្លាស់រថយន្ត ហើយប្រទេសកម្ពុជា គឺជាទីតាំងដ៏សម ស្របសម្រាប់ក្រុមហ៊ុនជប៉ុនធ្វើការវិនិយោគ ខណៈដែលការបង្កើនបរិមាណផលិតកម្មគ្រឿង បន្លាស់នៅក្នុងប្រទេសថៃ ក្រុមហ៊ុនជប៉ុនមួយចំនួនមិនអាចពង្រីកបានទៀតនោះទេ។

ទោះជាយ៉ាងនេះក្តីឯកឧត្តមលើកឡើងថា ចំពោះស្ថានភាពវិនិយោគនៅប្រទេសកម្ពុជា ក៏មានបញ្ហាមួយចំនួនដែរ ដូចជាបញ្ហាតម្លៃអគ្គិសនីថ្លៃ ប្រាក់ឈ្នួលកម្លាំងពលកម្មកើនឡើងយ៉ាងឆាប់រហ័ស និងភាពស្មុគស្មាញនៃផ្នែករដ្ឋបាលមួយចំនួន។

អ្នកជំនាញផ្នែកសេដ្ឋកិច្ចនៅកម្ពុជា បានបង្ហាញពីក្តីរំពឹងសម្រាប់ការទទួលប្រយោជន៍បន្ថែមទៀត ចំពោះប្រទេសកម្ពុជា ដែលមានចំណងមិត្តភាពកាន់តែប្រសើរឡើងជាមួយប្រទេសជប៉ុន ក្រោមកិច្ចសហប្រតិបត្តិការភាពជាដៃគូយូរអង្វែង ដែលនឹងនាំមកនូវលទ្ធផលផ្លែផ្កា សម្រាប់កម្ពុជាឆ្ពោះទៅរកពិពិធកម្មឧស្សាហកម្ម។

លោកបណ្ឌិត ម៉ី កល្យាណ ទីប្រឹក្សាជាន់ខ្ពស់នៃឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិបានអបអរសា ទរចំពោះខួប ៦៥ឆ្នាំនៃទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ និងសង្ឈឹមថា ចំណងមិត្តភាពកាន់តែរឹងមាំបន្ថែមទៀតនាពេលនេះ។

លោកលើកឡើងថា ជប៉ុន គឺជាប្រទេសដែលមានឧស្សាហកម្មរីកលូតលាស់មុនគេនៅអាស៊ី ហើយក្រុមហ៊ុនជប៉ុនសុទ្ធសឹងតែមានបទពិសោធន៍ច្រើន បច្ចេកវិទ្យាខ្ពស់ និងមានគុណភាពលើការផលិត។ ដូច្នេះលោកជឿថា តាមរយៈកិច្ចសហប្រតិបត្តិការនេះ នឹងជួយរួមចំណែកឲ្យ កម្ពុជាឈានទៅរកការធ្វើពិពិធកម្មឧស្សាហម្ម។

ប្រទេសកម្ពុជា និងជប៉ុន បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីសេរីភាវូបនីយកម្មការជំរុញនិងការការពារវិនិយោគនៃប្រទេសទាំងពីរ ដែលបានចុះហត្ថលេខារវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ កាលពីថ្ងៃទី១៤ ខែមិថុនាឆ្នាំ២០០៧ និងបានចូលជាធរមានកាលពីថ្ងៃទី៣១ ខែកក្កដាឆ្នាំ២០០៨។

យោងតាមរបាយការណ៍ពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ហៅកាត់ថា CDC បានឲ្យដឹងថា គិតត្រឹមខែឧសភា ឆ្នាំ២០១៧ កម្ពុជាទទួលបានគម្រោងវិនិយោគធំៗរបស់ជប៉ុន ១២៥គម្រោង ដែលបានចុះបញ្ជីនៅ CDC ដោយមានទុនវិនិយោគសរុបប្រមាណជាង ១,៥ពាន់លានដុល្លារសហរដ្ឋអាមេរិក៕

អត្ថបទ ៖ សៀម ប៊ុនធី



Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation