ព័ត៌មានជាតិ

អភិបាលរងខេត្តកែបថ្មីសន្យាបម្រើពលរដ្ឋឲ្យបានល្អ និងកែប្រែសោភណភាពខេត្តឲ្យក្លាយគោលដៅទាក់ទាញទេសចរ

image

កែប៖ ខេត្តកែបបានប្រារព្ធពិធីប្រកាសតែងតាំង និង ចូលកាន់មុខតំណែងអភិបាលរងខេត្តកែបថ្មី០១ រូប ក្រោមអធិបតីភាពឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ​ រួមនឹងវត្តមានឯកឧត្តម កែន សត្ថា អភិបាលនៃគណៈអភិបាលខេត្ត ឯកឧត្តមលោកជំទាវសមាជិក សមាជិកា ក្រុមប្រឹក្សាខេត្ត ប្រធាន អនុប្រធានមន្ទីរ អង្គភាព​ជុំវិញខេត្តជាច្រើនរូប។

ឯកឧត្តម កែន សត្ថា អភិបាលខេត្ត មានប្រសាសន៍ស្វាគមន៍ និង លើកឡើង នូវលទ្ធផល សំខាន់ៗ ដែលខេត្តកែបសម្រេចបានកន្លងមក ធ្វើឲ្យមានការរីកចម្រើនលើគ្រប់វិស័យ និង ធានាបានសន្តិសុខ សុវត្ថិភាព ស្ថេរភាពជូនប្រជាពលរដ្ឋ ក៏ដូចភ្ញៀវទេសចរ រួមចំណែកយ៉ាងសកម្មក្នុងការអនុវត្តយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

យោងតាមអនុក្រឹត្យលេខ ៥៤០ អនក្រ.តត របស់រាជរដ្ឋាភិបាល ត្រូវបានតែងតាំង លោក ព្រុំ គន្ធិ ឋានន្តរសក្តិ វរមន្ត្រីថ្នាក់លេខ៤ ឲ្យកាន់មុខតំណែង ជាអភិបាលរងនៃគណៈអភិបាលខេត្តកែប ជំនួសលោក ទេពយុទ្ធី ដែលត្រូវបានផ្ទេរភារកិច្ច ទៅបម្រើការងារនៅទីស្តីការក្រសួងមហាផ្ទៃ។

លោក ព្រុំ គន្ធិ អភិបាលរងខេត្តកែបថ្មីបានឡើងធ្វើចំណាប់អារម្មណ៍ សម្ដែងនូវការគោរពដឹងគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាលនិង ប្តេជ្ញាចិត្តខិតខំពង្រឹងសាមគ្គីភាពផ្ទៃក្នុងឲ្យបានល្អនៅក្នុងគណៈអភិបាលខេត្ត ក៏ដូចជាបណ្តាមន្ទីរ អង្គភាព កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរ ក្រុង/ស្រុក និង គ្រប់ ឃុំ សង្កាត់ ដោយឈរលើមូលដ្ឋាននៃការគោរពច្បាប់របស់រដ្ឋ និង បទដ្ឋាននានា ការពាររដ្ឋធម្មនុញ្ញនៃរាជាណាចក្រកម្ពុជា រួមចំណែកពង្រឹងការអនុវត្តគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាពទាំង៩ចំណុចឲ្យបានល្អប្រសើរ។

លោកអភិរងខេត្តបានសន្យាយកចិត្តទុកដាក់បម្រើសេវាសាធារណៈ សេវារដ្ឋបាល ជូនប្រជាពលរដ្ឋ ចូលរួមប្រឡងប្រណាំងកែប្រែសោភណភាពទីក្រុង ស្របតាមគោលនយោបាយជាតិ ស្តីពីទីក្រុងស្អាត និង មានសេវាកម្មល្អ ក្នុងគោលដៅទាក់ទាញភ្ញៀវទេសចរឲ្យចូលមកសម្រាក លំហែ កម្សាន្តសប្បាយ ក្នុងទីក្រុងកែប ច្រើនកុះករ បង្កើតបាននូវមុខរបរ និង បង្កើនប្រាក់ចំណូលជូនប្រជាពលរដ្ឋ ឲ្យមានជីវភាពរស់នៅកាន់តែប្រសើរឡើងថែមមួយកម្រិតទៀត។

មានប្រសាសន៍សំណេះសំណាលនៅក្នុងឱកាសនោះ ឯកឧត្តម សក់ សេដ្ឋា បានសង្កត់ធ្ងន់លើការអនុវត្តគោលនយោបាយកំណែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាល និងការបម្រើផលប្រយោជន៍ជូនប្រជាពលរដ្ឋ។

ឯកឧត្តម អនុរដ្ឋលេខាធិការ បានផ្ដាំផ្ញើដល់លោក អភិបាលរងខេត្តដែលទើបតែងតាំងថ្មីឲ្យខិតខំបំពេញភារកិច្ចឲ្យបានល្អក្នុងការអនុវត្តកម្មវិធីកំណែទម្រង់របស់រាជរដ្ឋា ភិបាលនីតិកាលទី៦នៃរដ្ឋសភា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន ជាប្រមុខ។ ការធ្វើកំណែទម្រង់វាមានសារៈសំខាន់ជាច្រើនចំពោះ មន្ត្រី រាជការ ពិសេស គឺការលុបបំបាត់ភាពអសកម្ម លុបបំបាត់អំពើពុករលួយ ប្រកបដោយតម្លាភាព ដោយយកចិត្តទុកដាក់សហការឲ្យបានល្អ ទាំងក្នុងជួរគណៈអភិបាលខេត្ត ក៏ដូចអាជ្ញាដែនដីគ្រប់លំដាប់ថ្នាក់ សំដៅឈានឆ្ពោះទៅ អភិវឌ្ឍន៍នៅមូលដ្ឋាន រួមចំណែកកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋយើងឲ្យកាន់តែមានប្រសិទ្ធភាព ៕(អត្ថបទ៖ ប៉ៃ​ សុ​ឃី​ម)