មន្ត្រីជំនាញកសិកម្មប្រាប់កសិករឲ្យប្រើប្រាស់ជីធម្មជាតិ ព្រោះការប្រើជីគីមីនឹងបង្កហានិភ័យខ្ពស់ទាំងសុខភាពនិងផ្ទៃដី
| ព័ត៌មានជាតិ
SHARE

បាត់​ដំបង៖ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តបាត់ដំបង លោក អ៊ិន សុវណ្ណមុនី បានអំពាវនាវបែបនេះនៅក្នុងបទសម្ភាសផ្ទាល់ជាមួយក្រុមការងារ CNC ប្រចាំខេត្តបាត់ដំបង បន្ទាប់ពីលោកបានចូលរួម ក្នុងកម្មវិធីប្រកួតប្រជែងផលិតផលកសិកម្មនិងការជ្រើសរើសកសិករឆ្នើមជីអ៊ីជេ(GEJ)ឆ្នាំ២០១៨ ដោយមានប្រជាកសិករជាង៤០គ្រួសារ មកពីឃុំនានានៃស្រុកបាណន់និងស្រុកបវេល បានចូលរួម ដែលបានធ្វើឡើងនៅក្នុងភូមិបឹងសង្កែ ឃុំឃ្លាំងមាស ស្រុកបវេល ខេត្តបាត់ដំបង។

តាមរយៈនៃកម្មវិធីប្រកួតប្រជែងផលិតផលកសិកម្មនេះ ក៏មានការដាក់តាំងពិព័រណ៍ផលិតកម្មដំណាំកសិកម្មគ្រប់ប្រភេទ ជាបន្លែសុវត្ថិភាពគ្មានសារជាតិគីមី និងរបៀបចិញ្ចឹមសត្វ ដូចជាមាន់ ទា បែបធម្មជាតិ ដើម្បីផ្លាស់ប្តូរនូវបទពិសោធរវាងកសិករនិងកសិករ ដែលកំពុងប្រកបរបរកសិកម្មនៃស្រុកទាំង២មានស្រុកបាណន់និងស្រុកបវេល។


លោក អ៊ិន សុវណ្ណមុនី បានបញ្ជាក់ថា ទិវានេះស្ថិតក្រោមការរៀបចំដោយមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តបាត់ដំបង សហការជាមួយកម្មវិធីជីអ៊ីជេ(GEJ)របស់ប្រទេសជប៉ុន ក្នុងគោលបំណងដើម្បីជំរុញនិងលើកទឹកចិត្តដល់ប្រជាកសិករបានចូលរួម ក្នុងខ្សែចង្វាក់ផលិតកម្មលើដំណាំកសិកម្ម ដែលទទួល បាននូវគុណភាព និងការចេះដោះដូរទំនិញគ្នារវាងកសិករនឹងកសិករ ជាពិសេសប្រជាពលរដ្ឋដែលបានចូលរួមបានស្គាល់ច្បាស់ពីប្រភពទំនិញកសិកម្មដែលល្អសម្រាប់លក់នៅលើទីផ្សារ ទាំងក្នុងស្រុក និងក្រៅស្រុកផងដែរ។

លោកប្រធានមន្ទីរបានបង្ហាញថា ការប្រើប្រាស់ជីគីមីមានផលប៉ះពាល់ខ្លាំងលើសុខភាពដី បើការដាក់ជីគីមីច្រើនវាបាត់បង់អតិសុខុមប្រាណ មានន័យថា ជីវៈចម្រុះនៅក្នុងដីត្រូវស្លាប់អស់ ហើយបើដីស្លាប់ធ្វើឲ្យការលូតលាស់របស់ដំណាំមិនបានល្អពេលដាំដុះត្រូវប្រើប្រាស់មធ្យោបាយច្រើនលើការបោះទុនទៅលើផលិតកម្មនោះដែលធ្វើឲ្យទុនផលិតរបស់ប្រជាកសិករត្រូវកើនឡើងខ្ពស់ តែបើបំពេញទៅលើសារធាតុសរីរាង្គឲ្យដីឲ្យបានច្រើនវិញ ធ្វើឲ្យដីមានជីវិតល្អ មានរចនាសម្ព័ន្ធល្អ ពេលដាំដុះទៅមិនប៉ះពាល់ដល់ការជួបនឹងបញ្ហាជំងឺ ដែលធ្វើឲ្យដំណាំនោះលូតលាស់បានល្អ ការដាំទទួលបានជោគជ័យ មានទិន្នផលខ្ពស់និងមានគុណភាពល្អ យកទៅទីផ្សារអ្នកណាក៏ត្រូវការដែរបន្លែសុវត្ថិភាពបែបនេះដែរ ។

សូមបញ្ជាក់ថា កម្មវិធីប្រកួតប្រជែងផលិតផលកសិកម្មនិងការជ្រើសរើសកសិករឆ្នើមជីអ៊ីជេ(GEJ)ត្រូវ បានរកឃើញកសិករគំរូចំនួន៣នាក់ ដែលបានជាប់ចំណាត់ថ្នាក់លេខ១ប្រចាំឆ្នាំ២០១៨នេះ គឺលោក កុក ត្រុង មកពីភូមិបឹងក្រាល ឃុំស្នឹងស្រុកបាណន់ និងលោក នួន សំ លោក ហាយ នី មកពីភូមិអូរតាកង ឃុំឃ្លាំងមាស ស្រុកបវេល ខេត្តបាត់ដំបង ដោយទទួលបានរង្វាន់ជាម៉ាស៊ីនបូមទឹកម្នាក់មួយគ្រឿង និងកសិករមិនបានជាប់ចំណាត់ថ្នាក់ ក៏ទទួលបានរង្វាន់លើកទឹកចិត្តផ្សេងទៀតដែរ៕ (ឡាច សុគន្ធារី)


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation