
ទឹកប្រាក់ជាង១៥ម៉ឺនដុល្លារត្រូវបានអភិបាលខេត្តមណ្ឌលគិរីផ្តល់ជូនសាលាខេត្តក្រចេះសម្រាប់ជួយពលរដ្ឋរងគ្រោះដោយទឹកជំនន់

(ក្រចេះ)៖ ឯកឧត្ដម វ៉ា ថន អភិបាលខេត្ត និងលោកលោកស្រីអភិបាលរងខេត្ត និងមន្ទីរជុំវិញខេត្តក្រចេះនៅរសៀលថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៨បាទទួលបដិសណ្ឋារកិច្ចគណៈប្រតិភូខេត្តមណ្ឌលគិរី ដឹកនាំដោយឯឧត្ដម ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី និងសាខាកាកបាទក្រហមកម្ពុជាខេត្តមណ្ឌលគិរី ដែលនាំយកនូវថវិកា៨,១០០ដុល្លារ និង២៨,៥០០,០០០រៀលសម្រាប់ជួយពលរដ្ឋរងគ្រោះ ដោយសារទឹកជំនន់ក្នុងខេត្តក្រចេះ។
ក្នុងឱកាសនោះ ឯឧត្ដម វ៉ា ថន អភិបាលខេត្តក្រចេះ បានលើកឡើងអំពីស្ថានភាពទឹកទន្លេមេគង្គ និងផលប៉ះពាល់ដោយសារទឹកជំនន់ឲ្យគណៈប្រតិភូខេត្តមណ្ឌលគិរីជ្រាបថា ឆ្នាំនេះស្ថានភាពទឹកជំនន់ទន្លេមេគង្គ ចាប់ឡើងពីដើមខែកក្កដា ដែលមានកម្រិតកម្ពស់ទឹកគួរឲ្យកត់សម្គាល់ ដល់កម្រិតអតិបរមា កម្ពស់ ២១.៨២ម៉ែត្រ គិតត្រឹមម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី៧ ខែសីហានេះ។ ទន្ទឹមនោះ គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយថ្នាក់ខេត្ត បានធ្វើការតាមដាន ផ្តល់ព័ត៌មាន រាយការណ៍ និងណែនាំទៅគ្រប់ផ្នែកទាំងអស់ និងបងប្អូនប្រជាពលរដ្ឋឲ្យមានការប្រុងប្រយ័ត្នខ្ពស់ និងត្រៀមលក្ខណៈអន្តរាគមន៍ឆ្លើយតបឲ្យបានទាន់ពេលវេលា។
ឯកឧត្ដមអភិបាលខេត្តក្រចេះ មានប្រសាសន៍បន្តថា ទឹកជំនន់បានធ្វើឲ្យប៉ះពាល់ដល់ស្រុកចំនួន៤និងក្រុង១លើ ២៩ឃុំ/សង្កាត់ នៅជាប់តាមដងទន្លេមេគង្គ និងព្រែកមួយចំនួនដែលផលប៉ះពាល់រួមមានផ្នែកកសិកម្មប៉ះពាល់ស្រូវ ២,២៣៦ហិកតា,ដំណាំរួមផ្សំ១,០៨៦ហិកតា។ ផ្នែកហេដ្ឋារចនាសម្ព័ន្ធរួមមាន ប៉ះពាល់ផ្លូវខេត្តប្រវែង ២០០ម៉ែត្រ ផ្លូវលំជនបទប្រវែង ២៦២,២៣០ម៉ែត្រ និងអណ្ដូងស្នប់៥៩កន្លែង ប៉ះពាល់ផ្ទះប្រជាពលរដ្ឋ ៦,៩៨៤ខ្នងផ្ទះ សាលារៀន ៨១កន្លែង មណ្ឌលសុខភាពនិងប៉ុស្តិ៍សុខភាព ៣កន្លែង និងវត្តអារាម ១៨កន្លែង។
ក្នុងនោះ ប្រជាពលរដ្ឋ ដែលត្រូវបានជម្លៀសទៅកាន់ទីទួលសុវត្ថិភាព មានចំនួន ១,០៤៤គ្រួសារ និងសត្វគោក្របីសរុបចំនួន ៦,៤៩៨ក្បាល។
ក្នុងជំនួបនោះលោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី មានប្រសាសន៍ថា ក្រោយពីបានស្ដាប់មតិស្វាគមន៍របស់ឯកឧត្តម វ៉ា ថន អំពីស្ថានភាពទឹកជំនន់ និងផលប៉ះពាល់ដោយទឹកជំនន់ ទៅលើប្រជាពលរដ្ឋ នៅទូទាំងខេត្តក្រចេះ ក្នុងនាមគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តមណ្ឌលគីរីនិងសាខា កាកបាទក្រហមកម្ពុជាខេត្តមណ្ឌលគិរី សូមសម្តែងការចូលរួមសោកស្តាយចំពោះប្រជាពលរដ្ឋរងគ្រោះ ដោយសារទឹកជំនន់កំពុងកើតមានឡើងនេះ។
ក្នុងជំនួបនេះ ឯឧត្ដម ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី ក៏បានប្រគល់ ថវិការបស់រដ្ឋបាលខេត្តនិងថវិកាសាខាកាកបាទក្រហមកម្ពុជាខេត្តមណ្ឌលគិរីចំនួន៨,១០០ដុល្លារនិង២៨,៥០០,០០០រៀល ប្រគល់ជូនរដ្ឋបាលខេត្តក្រចេះ សម្រាប់ប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារគ្រោះធម្មជាតិ។
ជាមួយនឹងអំណោយថវិកានេះ ឯកឧត្ដមខេត្តមណ្ឌលគិរីបញ្ជាក់ថា នេះគឺវប្បធម៌នៃការចែករំលែកគ្នា រវាងរដ្ឋបាលខេត្តមណ្ឌលគិរី និងរដ្ឋបាលខេត្តក្រចេះ និងបង្ហាញពីឆន្ទៈ ខ្មែរស្រឡាញ់ខ្មែរ ខ្មែរចេះសាមគ្គី ខ្មែរចេះជួយខ្មែរ ក្នុងគ្រាមានអាសន្ន និងក្នុងនាមខ្មែរតែមួយ ស្ថិតក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
ជាការឆ្លើយតប ឯកឧត្ដម វ៉ា ថន អភិបាលខេត្តក្រចេះក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តម ស្វាយ សំអ៊ាង រួមជាមួយគណៈប្រតិភូអមដំណើរ ក៏ដូចជារដ្ឋបាលខេត្តមណ្ឌលគិរីទាំងមូល ដែលបានយកចិត្តទុកដាក់ គិតគូរ ផ្តល់ថវិកាជួយសម្រាលការលំបាកដល់ប្រជាជន នៅក្នុងខេត្តក្រចេះដែលរងគ្រោះធម្មជាតិដោយសារទឹកជំនន់ក្នុងពេលនេះ៕(អត្ថបទ៖ នាង ចាន់ថា)



