ព័ត៌មានជាតិ

ទន្លេមេគង្គខេត្តត្បូងឃ្មុំឡើងលើសកម្រិតប្រុងប្រយ័ត្ន អាជ្ញាធរ​ខេត្តស្នើឲ្យមន្រ្តីពាក់ព័ន្ធត្រៀមសង្គ្រោះពលរដ្ឋ

image

ត្បូងឃ្មុំ ៖ មកដល់រសៀលថ្ងៃទី០៨ ខែសីហា ឆ្នាំ ២០១៨នេះកម្ពស់ទឹកទន្លេមេគង្គ​ ក្នុងភូមិសាស្រ្តខេត្តត្បូងឃ្មុំបានហក់ឡើងដល់កំរិតត្រូវប្រកាសអាសន្នឲ្យមានការប្រុងប្រយ័ត្នហើយ​ ពោលគឺមានកម្ពស់ ១៥,២០ ម៉ែត្រ នេះបើតាមការជូនដំណឹងរបស់មន្ទីធនធានទឹក និងឧតុនិយមខេត្តត្បូងឃ្មុំ ។


ជាមួយនឹងកម្ពស់ទឹកត្រូវប្រកាស អាសន្នឲ្យមានការប្រុងប្រយ័ត្ននេះ​ អភិបាលស្រុកត្បូងឃ្មុំ ដែលជា ស្រុករងផលប៉ះពាល់ដោយជំនន់ទន្លេមេគង្គបានជូនដំណឹងដល់មន្រ្តីពាក់ព័ន្ធក្នុងស្រុកទាំងមូល រួមទាំងបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលរស់នៅតាមដងទន្លេ ត្រូវយកចិត្តទុកដាក់បង្កើនស្មារតីប្រុងប្រយ័ត្ន ត្រៀមលក្ខណៈបង្ការ ឆ្លើយតប សង្គ្រោះ និងការពារអាយុជីវិត ទ្រព្យសម្បត្តិផ្ទះសម្បែង ដោយមិនត្រូវធ្វេសប្រហេស ឬប្រថុយ ប្រថាន។ ជាពិសេសបានអំពាវនាវឲ្យពលរដ្ឋត្រូវប្រុងប្រយ័ត្នធ្វើដំណើរ,​ កូនចៅមិនត្រូវបណ្តោយឲ្យលេងទឹកដែលងាយគ្រោះថ្នាក់នោះទេ។

ជាមួយគ្នានោះអាជ្ញាធរគ្រប់ថ្នាក់មន្រ្តីជំនាញពាក់ព័ន្ធនិងកង កម្លាំងប្រដាប់អាវុធទាំងអស់ត្រូវត្រៀមលក្ខណៈគ្រប់បែបយ៉ាងដើម្បីសង្រ្គោះប្រជាពលរដ្ឋក្នុងពេលមានករណីគ្រោះអាសន្នកើតឡើង។


សូមជម្រាបថា​ ខេត្តត្បូងឃ្មុំមានស្រុកចំនួន២ដែលកំពុងរងគ្រោះ ដោយទឹកជំនន់ទន្លេមេគង្គក្នុងឆ្នាំ២០១៨នេះ នោះគឺស្រុកក្រូចឆ្មារ និងស្រុកត្បូងឃ្មុំ។


បើតាមរបាយការណ៍របស់អាជ្ញាធរខេត្តបានឲ្យដឹងថា​ ទឹកឡើងជន់លិចប៉ះពាល់ដំណាំកសិផល ក្នុងស្រុកក្រូចឆ្មារ ដូចជាពោត ៩៨៦ ហិកតា ខូចខាត ៨៤៧ ហិកតា។ ដំណាំស្រូវប៉ះ ពាល់៣២០ ហិកតា ខូចខាត ២៤ ហិកតា។ ដំណាំដំឡូងមីប៉ះ ពាល់២៦ហិកតា ខូចខាតទាំងស្រុង។ ដំណាំបន្លែបង្ការ ២៤ហិកតា ខូចខាត ទាំង២៤ ហិកតា។ ចំណែកស្រុកត្បូងឃ្មុំដំណាំប៉ះពាល់ ៦៤៨ ហិកតា ខូចខាត ២១៨ ហិកតា និងបន្លែ៧ ហិកតាខូចខាត់ ទាំង៧ហិកតា ។ ស្រុកត្បូងឃ្មុំមានឃុំចំនួន៣ ដែលរង ផលប៉ះពាល់ដោយសារទឹកទន្លេមេគង្គ គឺឃុំជីរោទី១ ឃុំបឹងព្រួល និងឃុំទន្លេបិទ ដែលមានប្រជាពលរដ្ឋសរ៉ុបចំនួន ៦១០៩ គ្រួសារ ហើយត្រូវជម្លៀសប្រជាពលរដ្ឋ និងសត្វ ពាហនៈមករស់នៅ បណ្តោះអាសន្នតាមទួល សុវត្ថិភាពចំនួន ១៤៤២ គ្រួសារ រួមជាមួយ សត្វពាហនៈចំនួន១៩២២ក្បាល។


ដោយមានការយកចិត្តទុកដាក់ពីអាជ្ញាធរ គ្រប់លំដាប់ថ្នាក់ ពិសេសសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ប្រជាពលរដ្ឋដែលរងគ្រោះបានទទួលអំណោយ កាកបាទក្រហមដោយផ្ទាល់ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ហើយក្នុងនោះអាជ្ញាធរឃុំក៏កំពុងចុះតាមដានយ៉ាងសកម្មតាមភូមិដែលកំពុងជន់លិចផងដែរ ។


សូមជម្រាបដែរថា ដើម្បីសម្រួលដល់ការងារបស់មន្រ្តីនគរបាល តាមប៉ុស្តិ៍រដ្ឋបាល លោកឧត្តមសេនីយ៍ទោ បែន រ័ត្ន ស្នងការនគរបាលខេត្តត្បូងឃ្មុំ នៅថ្ងៃទី០៧ ខែសីហា បាននាំយកអំណោយ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតទៅប្រគល់ជូនមន្រ្តីប៉ុស្តិ៍រដ្ឋបាលចំនួន ៦ឃុំ នៅក្នុងស្រុកក្រូចឆ្មារ និងស្រុកត្បូងឃ្មុំដែលកំពុងជន់លិច៕(អត្ថបទ៖ ជឹង​ សេងឡុង )