ភាពរាំងស្ងួតខ្លាំងបង្ករការព្រួយបារម្ភ ចំពោះដំណាំស្រូវរបស់កសិករក្នុងឃុំពីរនៃស្រុកគាស់ក្រឡ
| ព័ត៌មានជាតិ
SHARE

បាត់​ដំបង៖ នៅក្នុងខណៈពេលដែលស្រុកខ្លះនៃខេត្តបាត់ដំបង ជាពិសេសស្រុកឯកភ្នំ បានទទួលរងនូវជំនន់ទឹកភ្លៀងស្ទឹងសង្កែ បានបង្កឲ្យដំណាំស្រូវដែលរៀបនឹងធ្វើការច្រូតកាត់ប្រមូលផលទុកដាក់ទៅហើយត្រូវជន់លិចខូចខាតអស់ជិត២ពាន់ហ.តនោះ បែជាតំបន់ខ្លះនៃស្រុកគាស់ក្រឡនៃខេត្តបាត់ដំបងនេះកំពុងជួបនូវគ្រោះរាំងស្ងួតអូសបន្លាយអស់រយៈយ៉ាងយូរ រហូតជាង២ខែទៅវិញ ដែលបានបង្ករងនូវផលប៉ះពាល់ស្រូវប្រមាណជាង៧៥០០ហ.ត ដោយសារតែតំបន់ស្រុកគាស់ក្រឡ នេះទទួលបាននូវរបបទឹកភ្លៀងតិចតួចបំផុតនារដូវវស្សាឆ្នាំនេះ ។


អ្នកស្រី សាង នាង លោក វិចិត្រ រដ្ឋា កសិករ រស់នៅភូមិតាខោល ឃុំព្រះផុស និងអ្នកស្រី វង់ អាន កសិកររស់នៅឃុំហប់ បានបញ្ជាក់ថា បើគិតរហូតមកដល់នឹងពេលនេះ គឺជាឆ្នាំទី២ហើយ ដែលអ្នកភូមិនៅ ក្នុងស្រុកគាត់ក្រឡ ជាពិសេសឃុំហប់និងឃុំព្រះផុស បានជួបនូវគ្រោះរាំងស្ងួតខ្លាំង ហើយរបបទឹកភ្លៀងគ្រាន់តែរលឹមមកតិចតួចៗប៉ុណ្ណោះរួចក៏ស្ងប់ស្ងាត់ទៅវិញ ទើបធ្វើឲ្យដំណាំស្រូវរបស់ពួកគាត់ដែលបានព្រួស សាបជាយូរមកហើយនោះត្រូវគ្រៀមស្វិតនិងកន្លែងខ្លះងាប់ដើមស្ទើរអស់ទៅហើយ ហើយនៅពេលដែលមានភ្លៀងធ្លាក់មួយមេ កម្រិតមធ្យម នាយប់ថ្ងៃទី៧ ខែសីហានេះ បានត្រឹមតែផ្សើមឲ្យរស់ប្រមាណ៥០%ប៉ុណ្ណោះ ប្រសិនជាមិនបន្តមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ទៀតទេនឹងត្រូវងាប់ដើមទាំងអស់តែម្តង ។

លោក យីវ សំអាត មេឃុំព្រះផុស បានឲ្យដឹងដែរថា សម្រាប់ឃុំព្រះផុសតែមួយគឺដំណាំស្រូវដែលប្រជាកសិករបានព្រួសរួច ត្រូវរងនូវផលប៉ះពាល់ដោយអត់ទឹកជិត៥ពាន់ហ.ត ជាប្រភេទស្រូវស្រាល និងស្រូវ កណ្តាល រីឯស្រូវធ្ងន់មិនមានដាំដុះទេ ដោយសារតំបន់នេះមិនមានប្រព័ន្ធប្រឡាយទឹក ហើយការបុកអណ្តូងវិញមានជម្រៅពី៧០ឬ៨០ម មិនទាន់ចេញទឹកផង ទាល់តែជីកស្រះ ហើយស្រះនោះទាល់តែមានភ្លៀងទើបមានទឹក អ្វីដែលសំខាន់នោះគឺឃុំព្រះផុស ជាឃុំស្ថិតនៅតំបន់ខ្ពង់រាប មិនមានប្រភពទឹក ដើម្បីនាំយកមកជួយប្រជាពលរដ្ឋបានឡើយ ។

សូមបញ្ជាក់ថា លោក ម៉ៅ សុចាន់ អភិបាលស្រុកគាស់ក្រឡ បានបញ្ជាក់ថា ស្រុកគាស់ក្រឡមានឃុំចំនួន៦ ក្នុងនោះឃុំចំនួន៥បានរងគ្រោះរាំងស្ងួត មានឃុំឆ្នាល់មាន់ ព្រះផុស ដូនបារ ហប់ និងឃុំគាស់ក្រឡ បានរងនូវផលប៉ះពាល់ដល់ដំណាំស្រូវជាង៧៥០០ហ.ត ទន្ទឹមនឹងនោះរដ្ឋបាលស្រុក និងរដ្ឋបាលខេត្តបាត់ដំបងកំពុងសិក្សាស្វែងយល់អំពីប្រភពទឹក ដើម្បីធ្វើការជួយសង្រ្គោះដល់ផលប៉ះពាល់ទាំងនេះទៅតាមលទ្ធភាពជាក់ស្តែង ៕(អត្ថបទ៖ ឡាច​ ​សុគន្ធារី​)


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation