កីឡា

ព្យាករណ៍ MCL៖ ក្រុមជើងឯក៤សម័យ ទល់នឹង ក្រុមជើងឯក៦សម័យ

image

ភ្នំពេញ៖ ជើងឯក៤សម័យ បឹងកេត នឹងបើកទ្វារកីឡដ្ឋាន Cambodia Airways ទទួលស្វាគមន៍ ក្រុមយក្សជើងឯក៦សម័យ ភ្នំពេញក្រោន ក្នុងការប្រកួតសប្ដាហ៍ទី៥ ពានរង្វាន់មិត្តហ្វូនខេមបូឌានលីគ ឆ្នំា២០២១ នៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ៣:៣០ នាទីរសៀល (ម៉ោងនៅកម្ពុជា)។

ប្រកួតសប្ដាហ៍ចុងក្រោយ របស់ក្រុមទាំងពីរ៖

ក្រុមបឹងកេត ចាញ់ ក្រុម NagaWorld ក្នុងផ្ទះខ្លួនឯង នៅពានរង្វាន់មិត្តហ្វូនខេមបូឌានលីគ ដោយលទ្ធផលបច្ចេកទេស ០-១ បើទោះបីខ្លួនបង្កើតឱកាសច្រើនជាងក្រុមភ្ញៀវយ៉ាងណាក្តី។ ចំណែកឯ ភ្នំពេញក្រោនឈ្នះក្រៅដី ទល់នឹងគីរីវង្សសុខសែនជ័យ ដោយលទ្ធផល ១ - ២ ក្នុង ពានរង្វាន់មិត្តហ្វូនខេមបូឌានលីគ។

ចំណាត់ថ្នាក់ក្នុងតារាង ពានរង្វាន់មិត្តហ្វូនខេមបូឌានលីគ សប្ដាហ៍ទី៤៖

-ភ្នំពេញក្រោន ឈរលេខ២ (មាន៦ពិន្ទុ)

-បឹងកេត ឈរលេខ១១ (មាន០ពិន្ទុ)

កីឡាករ ដែលអាចជាប់ជម្រើស១១នាក់ដំបូងរបស់ក្រុមភ្នំពេញក្រោនអាចនឹងមិនមានការប្រែប្រួលទេព្រោះទើបតែឈ្នះពីរប្រកួតជាប់គ្នា។ ឯបឹងកេតដែលទើបនឹងចាញ់ក្រុមNagaWorldទំនងនឹងមានការប្រែប្រួលខ្លះក្នុងតំបន់ប្រយុទ្ធ ហើយ ចាន់ វឌ្ឍនាកា (CV11) អាចនឹងលេងតង់ទី២។ ចំពោះបញ្ហាកីឡាកររបួសនិងចំនួនកាតដែលអាចប៉ះពាល់ដល់វត្តមានក្នុងការប្រកួត មិនមានព័ត៌មានឡើយ ដូច្នេះមានន័យថាគឺពេញជើងដូចគ្នា។

យោងតាមទំព័រហ្វេសប៊ុកផ្លូវការរបស់ក្លិប គ្រូបង្វឹកភ្នំពេញក្រោន Oleg Starynskyi បានថ្លែងថា៖ « វាគឺជាការប្រកួតដ៏ធំមួយ កីឡាករទាំងអស់បានត្រៀមខ្លួនរួចរាល់ហើយសម្រាប់ការប្រកួតនេះ ពួកគេព្យាយាមប្រកួតប្រជែងគ្នាដើម្បីបានលេងក្នុងការប្រកួតនេះ។ បឹងកេតជាក្រុមមួយដែលល្អនៅ MCL ព្រោះគេទើបតែទទួលបានពានរង្វាន់នេះ ប៉ុន្តែយើងក៏ស្រេកឃ្លានជាមួយនឹងជ័យជម្នះ និងពានរង្វាន់ដូចគ្នា »។

ប្រវត្តិជួបគ្នា ៥លើកចុងក្រោយ៖

-បឹងកេត ១-២ ភ្នំពេញក្រោន (៣០ កញ្ញា ២០១៨ ពានរង្វាន់មិត្តហ្វូនខេមបូឌានលីគ)

-ភ្នំពេញក្រោន ២-៣ បឹងកេក (១៦ មីនា ២០១៩ ពានរង្វាន់មិត្តហ្វូនខេមបូឌានលីគ)

-បឹងកេត ៤-៤ ភ្នំពេញក្រោន (៧ កក្កដា ២០១៩ ពានរង្វាន់មិត្តហ្វូនខេមបូឌានលីគ)

-បឹងកេត ៣-១ ភ្នំពេញក្រោន (២៦ កក្កដា ២០២០ ពានរង្វាន់មិត្តហ្វូនខេមបូឌានលីគ)

-ភ្នំពេញក្រោន ១-១ បឹងកេត (២៥ តុលា ២០២០ ពានរង្វាន់មិត្តហ្វូនខេមបូឌានលីគ)

ដូច្នេះ ក្នុងជំនួប ៥លើកចុងក្រោយនៃក្រុមទាំងពីរ បឹងកេត ឈ្នះ២ដង និង ភ្នំពេញក្រោន ឈ្នះ១ដង និងស្មើគ្នា២ម្តង។

ការទស្សន៍ទាយរបស់ CBS Sports សម្រាប់ជំនួបនៅថ្ងៃអង្គារខាងមុខនេះ៖ បឹងកេត ៣-១ ភ្នំពេញក្រោន ៕