ព័ត៌មានជាតិ

ខ្យល់កន្ត្រាក់បោកបក់យ៉ាងខ្លាំង បានឆក់យកផ្ទះ ១៧ខ្នងនៅស្រុកបុទុមសាគរ 

image

អត្ថបទ៖ តាំង សុន្នី  

កោះកុង៖ ស័ង្កសី ២២៩សន្លឹក និងហ្វីហ្វ្រូ១៨០ សន្លឹក បានប៉ើងចេញពីដំបូលផ្ទះ១៧ខ្នង នៅស្រុកបុទុមសាគរខេត្តកោះកុង បញ្ជាការឯកភាពស្រុកចុះអន្តរាគមន៍ ជួយជាបន្ទាន់។

សេចក្តីរាយការណ៍ពីពលរដ្ឋរងគ្រោះនៅកន្លែងកើតហេតុក្នុង ភូមិ តាមាឃ ឃុំ អណ្ដូងទឹកស្រុកបុទុមសាគរខេត្តកោះកុង បានឲ្យដឹងថា ឧបទ្ទវហេតុ ដោយខ្យល់កន្ត្រាក់យ៉ាងខ្លាំងនេះ កើតឡើងនៅវេលាម៉ោងប្រហែលម៉ោង១១យប់ថ្ងៃទី៦ ខែមេសា ឆ្នាំ២០២១ជិតឈានចូលថ្ងៃទី៧ បង្កឲ្យខូចខាតផ្ទះប្រជាពលរដ្ឋ ចំនួន១៧ខ្នង និងប្រជាពលរដ្ឋម្នាក់ រងរបួសស្រាល។

លោក ហាក់ ឡេង អភិបាលស្រុក បុទុមសាគរ ក្រោយទទួលបានដំណឹង ពីក្រោះមហន្តរាយដោយខ្យល់កន្ត្រាក់ នៅព្រឹកថ្ងៃទី៧ មេសា២០២១ បាននាំយកអំណោយមនុស្សធម៌ របស់អនុសាខាកាកបាទក្រហមកម្ពុជាស្រុកបុទុមសាគរ ចុះជួយពលរដ្ឋរងគ្រោះចំនួន១៧ខ្នងផ្ទះ ដែលរងការខូចខាតដោយសារខ្យល់កន្ត្រាក់ តាមស្ថានភាពចាក់ស្តែង។

អភិបាលស្រុកបុទុមសាគរបានអំពាវនាវដល់បងប្អូនបប្រជាពលរដ្ឋ សូមទំនាក់ទំនងមក អាជ្ញាធរមូលដ្ឋាននៅក្នុងស្រុក បូទុមសាគរជាបន្ទាន់ រាល់ករណីជួបគ្រោះអាសន្នដោយប្រការណាមួយ អាជ្ញាធរស្រុក នឹងដោះស្រាយជូនយ៉ាងទាន់ពេលវេលា បន្ថែមលើនេះលោកអភិបាលស្រុកបានណែនាំ សូមឲ្យបងប្អូនប្រជាពលតរដ្ឋកុំភ្លេចចូលរួមអនុវត្តន៍ តាមវិធានសុខាភិបាល ៣កុំ ៣កាពារ ២ចូលរួម។

ទោះជាយ៉ាងណាក្តីលោក អភិបាលស្រុកបុទុមសាគរនៅតែបន្តក្រើនរំឭកដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដាច់ខាតត្រូវប្រុងប្រយ័ត្នខ្ពស់ជានិច្ច ក្នុងដើមរដូវវស្សានេះ ព្រោះកត្តាអាកាសធាតុបច្ចុប្បន្នមានការប្រែប្រួលណាស់ ណាមួយស្រុកបុទុមសាគររបស់យើងជាស្រុកមួយជាប់និងសមុទ្រ ងាយរងផលប៉ះពាល់ខ្លាំងណាស់ ករណីភ្លៀងខ្យល់ម្តង៕