ព័ត៌មានជាតិ

អាជ្ញាធរស្រុកខ្សាច់កណ្តាលដាក់ការហាមឃាត់ការធ្វើដំណើរឆ្លងខេត្ត  ខណៈភូមិសាស្ត្រដែលត្រូវបិទមានព្រំប្រទល់ជាប់ខេត្តកំពង់ចាម និងព្រៃវែង  

image

អត្ថបទ៖ គិន ច័ន្ទពុទ្ធិ ​

កណ្ដាល៖ អាជ្ញាធរស្រុកខ្សាច់កណ្តាលនៃខេត្តកណ្តាលបានដឹកនាំកងកម្លាំងចុះត្រួតពិនិត្យ និងហាមឃាត់ការធ្វើដំណើរឆ្លងកាត់ចេញ-ចូល ពីខេត្តមួយ ទៅខេត្តមួយជាបណ្តោះអាសន្ន រយៈពេល១៤ថ្ងៃ ចាប់ពីម៉ោងសូន្យ ថ្ងៃទី៧ ដល់២០ ខែមេសា ឆ្នាំ២០២១ ពីភូមិសាស្ត្រ នៃ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល  ខណៈការចុះធ្វើនេះគឺអនុវត្តតាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងបំណងការពារទប់ស្កាត់ការរាលដាលជំងឺកូវីដ-១៩  ពីភូមិសាស្ត្រនៃខេត្តមួយ ទៅភូមិសាស្ត្រខេត្តមួយទៀត។

ក្នុងការអនុវត្តនេះអាជ្ញាធរស្រុកខ្សាច់កណ្តាល បានដាក់គោលដៅ ហាមឃាត់ការធ្វើដំណើរចំនួន៥ ទីតាំង ក្នុងនោះទីតាំងទី១គឺ ឃុំមានជ័យ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម និងឃុំតាឯក ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល , ទី២គឺ ឃុំស្វាយពោធិ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម និងឃុំព្រះប្រសប់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល, ទី៣គឺ ឃុំមេសរ ព្រះចន្ទ័ ស្រុកពារាំង ខេត្តព្រៃវែង និងឃុំជ័យធំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល, ទី៤គឺ ឃុំរកាជន្លឹង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល និងឃុំស្វាយពោធិ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម និងទីតាំងទី៥គឺ ឃុំកំពង់ចំលង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល និងឃុំកំពង់ពពិល ស្រុកពារាំង ខេត្តព្រៃវែង៕