ព័ត៌មានជាតិ

ស្ត្រីអាយុ១៩ឆ្នាំម្នាក់ទៀត បានឆ្លងកូវីដ-១៩ ដែលនេះជាករណីទី២សម្រាប់ខេត្តកំពត

image

កំពត៖ រដ្ឋបាលខេត្តកំពតបានរកឃើញករណីឆ្លងរាលដាលជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈចំនួន ១នាក់ទៀត លើស្ត្រីអាយុ ១៩ឆ្នាំ មានទីលំនៅបច្ចុប្បន្ន ភូមិដើមស្នាយ ឃុំព្រែកក្រឹស ស្រុកកំពង់ត្រាច ខេត្តកំពត។ បច្ចុប្បន្នអ្នកជំងឺ ត្រូវបានដាក់ឱ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តកំពត នៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២១។ 

អ្នកជំងឺកូវីដ-១៩រូបនេះ បានទៅកន្លែងមួយចំនួនគឺ៖

- នៅថ្ងៃទី៣០-៣១ ខែមីនា ឆ្នាំ២០២១ អ្នកជំងឺកូវីដ-១៩រូបនេះ បានស្នាក់នៅផ្ទះលក់ និងបោះពុម្ពសៀវភៅ នៅខាងត្បូងផ្សារអូរឡាំពិក (ផ្ទះលេខ១៥អា) ផ្លូវ៣២៩ សង្កាត់ទួលស្វាយព្រៃ) ស្នាក់នៅជាមួយថៅកែរោងពុម្ព មិនដែលចេញទៅក្រៅទេ ក្រៅពីចេញទៅទិញទឹកអំពៅដែលលក់នៅក្បែផ្ទះជាញឹកញាប់។

-នៅថ្ងៃទី១-៤ ខែមេសា ឆ្នាំ២០២១ បានទៅលក់សៀវភៅនៅក្នុងផ្សារអូរឫស្សី (តូបឈ្មោះសៀវភៅស្រីម៉ៅ)។

-ថ្ងៃទី៥ ខែមេសា ឆ្នាំ២០២១ ចាប់ផ្តើមធ្វើដំណើរចេញពីភ្នំពេញ ទៅស្រុកកំពង់ត្រាច ខេត្តកំពត នៅវេលាម៉ោងប្រហែល ១២កន្លះ។ នៅតាមផ្លូវ បានឈប់សម្រាកចូលបន្ទប់ទឹកនៅស្ថានីយប្រេងឥន្ធនៈមួយកន្លែង ឈ្មោះម៉ាក់លុច (នៅខាងជើងផ្សារដំណាក់ត្រសេក ស្រុកត្រាំកក់ ខេត្តតាកែវ) និងនៅវេលាប្រហែលម៉ោង៤កន្លះ បានទៅដល់សាលាបឋមសិក្សាដើមស្នាយ ឃុំព្រែកក្រឹស។ ភ្លាមនោះ ត្រូវបានអាជ្ញាធរដែនដីសហការជាមួយមន្ត្រីសុខាភិបាល បញ្ជូនទៅធ្វើចត្តាឡីស័កនៅមណ្ឌលចត្តាឡីស័កកម្រិត២ ព្រះរាជសម្ភារ និងត្រូវបានយកសំណាកនៅយប់ថ្ងៃទី៥ ខែមេសា ឆ្នាំ២០២១។

-នៅម៉ោង៩ព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០២១ បានទទួលពត៌មានពីក្រសួងសុខាភិបាលថា ករណីខាងលើមានអ្នកកូវីដ-១៩។

ក្នុងករណីនេះ មានអ្នកប៉ះពាល់ផ្ទាល់ចំនួន ១៣នាក់ និងបានអប់រំឱ្យធ្វើចត្តាឡីស័ក និងយកសំណាក (នៅកំពត៨នាក់ ស្រី៥)។ 

-ម្ចាស់រោងពុម្ព និងក្រុមគ្រួសារចំនួន ៥នាក់ (ស្រី៣នាក់) ទូរស័ព្ទលេខ ០១៦៩៣៧១១១។

-អ្នករួមការងារ និងបានជិះឡានទៅខេត្តកំពតជាមួយគ្នាចំនួន ៧នាក់ (ស្រី៥នាក់) ត្រូវបានយកសំណាកលើកទី ២រួច និងកំពុងធ្វើចត្តាឡីស័កនៅមណ្ឌលចត្តាឡីស័កកម្រិត ២ ព្រះរាជសម្ភារ។

-អ្នកបើកបររថយន្តមិនទាន់យកសំណាក (ដឹកទំនិញទៅភ្នំពេញ) ទូរស័ព្ទលេខ ០៩៦៥៣៥៣៣៤៤។

ជាមួយគ្នានេះដែរ រដ្ឋបាលខេត្តកំពត បានធ្វើការអំពាវនាវប្រជាពលរដ្ឋ ពិសេសអ្នកដែលបានជួបប្រាស្រ័យទាក់ទងប៉ះពាល់ដោយផ្ទាល់ និងប្រយោលជាមួយបុគ្គលខាងលើ ទៅធ្វើការទាក់ទងយកសំណាកនៅគ្រប់មន្ទីរពេទ្យក្នុងខេត្តកំពត ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។ ចំពោះករណីប្រជាពលរដ្ឋមានរោគសញ្ញាផ្តាសាយ ក្អក ហៀរសំបោរ ឈឺបំពង់ក ថប់ដង្ហើម ឬរោគសញ្ញាសង្ស័យផ្សេងៗ សូមទៅពិនិត្យសុខភាព នៅតាមមន្ទីរពេទ្យ និងមណ្ឌលសុខភាព ដែលនៅជិតកន្លែងស្នាក់នៅ និងរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានជាបន្ទាន់ ឬទាក់ទងតាមទូរស័ព្ទលេខ ០១២ ៨២៤ ៥៦៤-០១២ ៨២២ ១៧៩ និង ០៧៨ ២៤៨ ៩៩៨។

សូមបញ្ជាក់ផងដែរថា កាលពីថ្ងៃទី៥ ខែមេសា ឆ្នាំ២០២១ អាជ្ញាធរខេត្តកំពតបានរកឃើញវិជ្ជមានជំងឺកូវីដ-១៩ ទៅលើស្ត្រីឈ្មោះ ស៊ឹម ស៊ីមួយ អាយុ ៣០ឆ្នាំ ដែលមានទីលំនៅភូមិ ព្រៃព្រួស ឃុំព្រែកក្រឹស ស្រុកកំពង់ត្រាច ខេត្តកំពត ដែលជាករណីវិជ្ជមានមេរោគកូវីដ-១៩ លើកទី១៕

អត្ថបទ៖ វង្ស សុធារម្យ