ព័ត៌មានជាតិ

តោះមកដឹងពីមូលហេតុនៃការកើតជំងឺទឹកនោមផ្អែម

image

ជំងឺទឹកនោមផ្អែម កើតឡើងនៅពេលលំពែងមិនបានផលិតអ័រម៉ូនអាំងស៊ុយលីនគ្រប់គ្រាន់ ឬរាងកាយមិនអាចប្រើអាំងស៊ុយលីនត្រឹមត្រូវ។ អាំងស៊ុយលីន ជួយដឹកនាំជាតិស្ករក្នុងចរន្តឈាមចូលទៅក្នុងកោសិកា។ ពេលចូលទៅក្នុងកោសិកា ជាតិស្ករ នឹងត្រូវបំប្លែងភ្លាមៗទៅជាថាមពលសម្រាប់ប្រើប្រាស់ និងទុកបម្រុងប្រើប្រាស់។ ថាមពលទាំងនេះ ជំរុញដល់គ្រប់ដំណើរការនៃរាងកាយរបស់យើង។

 ១. ជំងឺទឹកនោមផ្អែមប្រភេទ១

ជំងឺទឹកនោមប្រភេទ១ កើតឡើងពេលលំពែងផលិតអាំងស៊ុយលីនបានតិចតួច ឬមិនអាចផលិតបានទាល់តែសោះ។ អ្នកមានជំងឺទឹកនោមផ្អែមប្រភេទ១ ត្រូវចាក់អាំងស៊ុយលីនរាល់ថ្ងៃ ដើម្បីជំនួសអាំងស៊ុយលីនដែលរាងកាយមិនអាចផលិតបាន។ ជំងឺប្រភេទនេះ ភាគច្រើនឃើញកើតមានច្រើនលើកុមារ ប៉ុន្តែវានៅតែអាចកើតលើមនុស្សគ្រប់វ័យដែរ។

២. ជំងឺទឹកនោមផ្អែមប្រភេទ២

ជំងឺទឹកនោមផ្អែមប្រភេទ២ ជាជំងឺកើតច្រើន ហើយអ្នកជំងឺទឹកនោមផ្អែមប្រហែលពី៩០ទៅ៩៥ភាគរយ ជាអ្នកមានជំងឺទឹកនោមផ្អែមប្រភេទ២។ ជំងឺនេះ ធ្វើឲ្យរាងកាយរបស់យើងធន់ទៅនឹងសកម្មភាពរបស់អាំងស៊ុយលីន មានន័យថារាងកាយមិនអាចប្រើអាំងស៊ុយលីនបានត្រឹមត្រូវ ជាហេតុនាំឲ្យមិនអាចនាំជាតិស្ករក្នុងឈាមទៅកាន់កោសិកាបាន។

មនុស្សយើងទំនងអាចវិវត្តទៅជាមានជំងឺទឹកនោមផ្អែមប្រភេទ២ ប្រសិនជាយើងជាមនុស្សលើសទម្ងន់ មានប្រវត្តិសមាជិកគ្រួសារមានជំងឺទឹកនោមផ្អែម ឬមានប្រវត្តិមានជំងឺទឹកនោមផ្អែមពេលពពោះ។ សម្រាប់ក្រុមមនុស្សខ្លះទៀត ក៏អាចប្រឈមនឹងជំងឺនេះដែរពេលមានវ័យលើសពី៤៥ឆ្នាំ។ វីធីសាមញ្ញមួយអាចបញ្ជាក់ថាយើងមានជំងឺទឹកនោមផ្អែមឬអត់ គឺការធ្វើតេស្តជាតិស្ករក្នុងឈាម។

៣. ជំងឺទឹកនោមផ្អែមពេលពពោះ

 ជំងឺទឹកនោមផ្អែមពេលពពោះ គឺជាប្រភេទជំងឺទឹកនោមផ្អែមកើតមានជាបណ្ដោះអាសន្ន ពេលស្រីៗមានផ្ទៃពោះ។ ជំងឺទឹកនោមផ្អែមពេលពពោះ មិនមានរោគសញ្ញានោះទេ ដូចនេះស្រ្តីភាគច្រើនត្រូវធ្វើតេស្តជាតិស្ករនៅពេលណាមួយក្នុងអំឡុងពេលពពោះ។

បើសិនជាស្រ្តីកំពុងពពោះមានកម្រិតជាតិស្ករក្នុងឈាមខ្ពស់ គឺត្រូវអនុវត្តរបបអាហារពិសេសរហូតដល់សម្រាលកូនរួច។ ក្នុងករណីខ្លះ ស្រ្តីកើតជំងឺទឹកនោមផ្អែមពេលពពោះ អាចត្រូវការចាក់អាំងស៊ុយលីនដែរ។

ជំងឺទឹកនោមផ្អែមពេលពោះអាចកើតលើស្រ្តីមានប្រវត្តិគ្រួសារមានជំងឺទឹកនោមផ្អែម និងជាអ្នកលើសទម្ងន់ជាដើម។ ជំងឺនេះនឹងបាត់ទៅវិញនៅពេលស្រ្តីយើងសម្រាលកូនរួច ហើយក៏មានដែរស្រ្តីជាងពាក់កណ្ដាលនៃអ្នកកើតជំងឺទឹកនោមផ្អែមពេលពពោះ អាចវិវត្តទៅជាជំងឺទឹកនោមផ្អែមប្រភេទ២ នៅពេលក្រោយមកទៀត។

៤. ត្រៀមកើតជំងឺទឹកនោមផ្អែម

 ត្រៀមកើតជំងឺទឹកនោមផ្អែម កើតឡើងនៅពេលកម្រិតជាតិស្ករក្នុងឈាមឡើងខ្ពស់ជាងធម្មតា ប៉ុន្តែមិនទាន់ឡើងដល់កម្រិតដែលត្រូវចាត់ទុកថាកើតជំងឺទឹកនោមផ្អែមនោះទេ។ បើបញ្ហានេះនៅតែបន្តកើតឡើង យូរៗទៅ យើងអាចមានឱកាសប្រឈមខ្ពស់ក្នុងការកើតជំងឺបេះដូង បញ្ហាសរសៃឈាមខួរក្បាល និងអាចប្រឈមនឹងការវិវត្តទៅជាជំងឺទឹកនោមផ្អែមប្រភេទ២ ផងដែរ។

ហាក់ពិបាកបន្តិច អ្នកមានបញ្ហាត្រៀមកើតជំងឺទឹកនោមផ្អែមនេះ ពិបាកក្នុងការកំណត់រោគសញ្ញាណាស់ មនុស្សជាច្រើនមានបញ្ហាសុខភាពនេះ និងមិនបានដឹងខ្លួននោះទេ៕

ប្រភព៖ www.hellokrupet.com