ព័ត៌មានជាតិ

ផ្សារពង្រខេត្តកំពង់ឆ្នាំង បើកវិញហើយ ក្រោយបិទមួយរយៈ ដោយសារមានអ្នកពាក់ព័ន្ធបុគ្គលមានវិជ្ជមានកូវីដ១៩

image

អត្ថបទ៖ ហឹង ចូច 

កំពង់ឆ្នាំង៖ ផ្សារពង្រ ស្ថិតនៅឃុំពង្រ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ដែលអាជ្ញាធរបានបិទផ្អាកការលក់ដូរជាបណ្តោះអាសន្ន កាលពីថ្ងៃទី២៤ ខែមីនានោះ ត្រូវបានអាជ្ញាធរខេត្តកំពង់ឆ្នាំង បានសម្រេចឲ្យបើកដំណើរការឡើងវិញនៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២១។ នេះបើតាមលិខិតជូនដំណឹងផ្លូវការរបស់រដ្ឋបាលខេត្តកំពង់ឆ្នាំង នៅរសៀលថ្ងៃទី៧ ខែមេសាឆ្នាំ២០២១។

យោងតាមលិខិតរបស់រដ្ឋបាលខេត្តកំពង់ឆ្នាំង បានបញ្ជាក់ថា ការសម្រេចដាក់ឲ្យបើកដំណើរការផ្សារពង្រឡើងវិញ គឺបន្ទាប់ពីរមានបាយការណ៍របស់មន្ទីរសុខាភិបាល ស្តីពីលទ្ធផលតេស្តសំណាកលើកទី៣ បានបង្ហាញថា អ្នកពាក់ព័ន្ធផ្ទាល់ និងប្រយោល ជាមួយនឹង២នាក់ប្តី ប្រពន្ធដែលមានវិជ្ជមានកូវីដ១៩ គឺ អវិជ្ជមានកូវីដ-១៩។

រដ្ឋបាលខេត្តកំពង់ឆ្នាំង បានស្នើឲ្យម្ចាស់តូបលក់ដូរ និងប្រជាពលរដ្ឋទាំងអស់ បន្តចូលរួមអនុវត្តវិធានការ ការពាររបស់ក្រសួងសុខាភិបាល គឺ ៣កុំ ៣ការពារ ឲ្យបានខ្ជាប់ខ្ជួន ដើម្បីទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ១៩៕