ព័ត៌មានជាតិ

អភិបាលខេត្តកំពត បញ្ជាឱ្យអាជ្ញាធរ និងសមត្ថកិច្ច អនុវត្តសេចក្ដីសម្រេចរបស់សម្តេចតេជោ ហ៊ុន សែន ស្ដីពីការហាមឃាត់ការធ្វើដំណើរ

image

កំពត៖ អភិបាលខេត្តកំពត លោក ជាវ តាយ បានបញ្ជាឱ្យអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធទូទាំងខេត្ត អនុវត្តនូវសេចក្ដីសម្រេចរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តចតេជោ ហ៊ុន សែន ស្ដីពីការហាមឃាត់ការធ្វើដំណើរ និងការបិទរមណីយដ្ឋានទេសចរណ៍នៅទូទាំងប្រទេសជាបណ្ដោះអាសន្ន។

ការដាក់បទបញ្ជារបស់ លោក ជាវ តាយ ដូចនេះបានធ្វើឡើងក្នុងប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តចង្អៀតបន្ទាន់ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងពិនិត្យលើផែនការការពារសន្តិសុខសណ្ដាប់ធ្នាប់របស់ខេត្ត ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ពិនិត្យរបាយការណ៍ស្ថានភាពជំងឺកូវីដ-១៩ និងលទ្ធផលការងារចាក់វ៉ាក់សាំងក្នុងក្របខណ្ឌទូទាំងខេត្តកំពត និងការដាក់វិធានការការពារ ប្រយុទ្ឋប្រឆាំងជំងឺកូវីដ-១៩ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលខិតចូលមកដល់ពេលខាងមុខ ឱ្យទទួលបានសម្រេចជោគជ័យនិងមានប្រសិទ្ធភាព។

លោក ជាវ តាយ បានបញ្ជាក់ថា ទោះបីរយៈពេលកន្លងមក ស្ថានភាពសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ ពិសេសការងារប្រយុទ្ធប្រឆាំងនឹងការបង្កាទប់ស្កាត់ជំងឺកូវីដ-១៩ ក្នុងខេត្តមានលក្ខណៈល្អប្រសើរជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានក្ដី ប៉ុន្តែកិច្ចប្រជុំពេលនេះ ជាការងារចាំបាច់បន្ទាន់ និងមានសារៈសំខាន់ក្នុងការដាក់ចេញជាវិធានការថ្មីបន្ថែមទៀតរបស់រដ្ឋបាលខេត្ត ដើម្បីអនុវត្តឱ្យសម្រេចជោគជ័យ និងមានប្រសិទ្ធភាពបន្ថែមទៀត រាល់ការទទួលបាននូវសេចក្ដីណែនាំ និងបទបញ្ជាថ្មីៗជាបន្តបន្ទាប់ចំពោះមុខរបស់សម្ដេចតេជោ ហ៊ុន សែន និងរាល់ខ្លឹមសារលិខិតបទដ្ឋាននានារបស់រាជរដ្ឋាភិបាល ក៏ដូចជាវិធានការណែនាំរបស់ក្រសួងសុខាភិបាល និងក្រសួងមហាផ្ទៃ ក្នុងគោលដៅពង្រឹងប្រសិទ្ធភាព នៃវិធានការណែនាំឱ្យរដ្ឋបាលរាជធានី-ខេត្ត ក៏ដូចជាអាជ្ញាធរមូលដ្ឋានក្រុង-ស្រុក កងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ បង្កើនការយកចិត្តទុកដាក់សហការគ្នាអនុវត្តឱ្យបានល្អ ពិសេសការអនុវត្តសេចក្ដីសម្រេចលេខ៤៤.សសរ របស់រាជរដ្ឋាភិបាល។  

អាជ្ញាធរក្រុង-ស្រុក អង្គភាពកងកម្លាំង និងមន្ទីរជំនាញពាក់ព័ន្ធទាំងអស់បន្តបង្កើនការយកចិត្តទុកដាក់ ពង្រឹងការអនុវត្តឱ្យមានប្រសិទ្ធភាពរាល់បទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាលដែលបានដាក់ចេញជាបន្តបន្ទាប់ថ្មីៗនេះ ក៏ដូចជាវិធានការណែនាំរបស់ក្រសួងសុខាភិបាល និងក្រសួងមហាផ្ទៃឱ្យទទួលបានសម្រេចជោគជ័យ និងមានប្រសិទ្ធភាពបន្ថែមទៀត ពិសេសការអនុវត្តនូវសេចក្តីសម្រេចលេខ៤៤.សសរ របស់រាជរដ្ឋាភិបាលដែលបានដាក់ចេញថ្មីៗចំពោះមុខនេះ ដើម្បីរួមសហការគ្នាបង្ការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ក៏ដូចជាការងារពង្រឹងថែរក្សាសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈសុវត្ថិភាពជូនប្រជាពលរដ្ឋនាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។ នេះជាបទបញ្ជារបស់ លោក ជាវ តាយ៕

 អត្ថបទ៖ វង្ស សុធារម្យ