ព័ត៌មានជាតិ

ចាប់ខ្លួនស្នងការរងខេត្តកំពតម្នាក់ រួមនឹងបក្សពួក ករណីជួញដូរថ្នាំញៀនជិត២គីឡូក្រាម

image

ភ្នំពេញ៖ មេក្លោងថ្នាំញៀនម្នាក់ដែលគេស្គាល់ថា ជាស្នងការរងខេត្តកំពត ទទួលផែនអគ្គិភ័យ គឺឧត្តមសេនីយ៍ត្រី អ៊ឹម ឈួន រួមនឹងបក្ខពួក ២នាក់ទៀត ត្រូវបានកម្លាំងមន្ទីរប្រឆាំងគ្រឿងញៀន ចាប់ខ្លួនពាក់ព័ន្ធបទល្មើសជួញដូរថ្នាំញៀនជិត ២គីឡូក្រាម កាលពីយប់ថ្ងៃទី៦ ខែមេសា ឆ្នាំ២០២១ ស្ថិតនៅចំណុចចំណតរថយន្តផ្សារ ខាលែនឌែលម៉ល (បឹងកក់) ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

សមត្ថកិច្ចមន្ទីរប្រឆាំងគ្រឿងញៀន បានឱ្យដឹងនៅរសៀលថ្ងៃទី៧ ខែមេសា ឆ្នាំ២០២១ ថា ជនសង្ស័យទាំង ៣នាក់ ដែលពាក់ព័ន្ធបទល្មើសជួញដូរថ្នាំញៀន ឈ្មោះ អ៊ឹម ឈួន អាយុ ៥១ឆ្នាំ (រូបអាវក្រហម) ជាស្នងការរងនគរបាលខេត្តកំពត ទទួលផែនអគ្គិភ័យ និងអាវុធជាតិផ្ទុះ, ឈ្មោះ កែវ ទិត្យមេសា អាយុ ២១ឆ្នាំ និង ឈ្មោះ ហុង គា អាយុ ៦១ឆ្នាំ។

ក្នុងប្រតិបត្តិការនោះកម្លាំងនគរបាលជំនាញ បានដកហូតថ្នាំញៀនប្រភេទម៉េតំហ្វេតាមីន (ICE) ទម្ងន់ ១,៧៣៨.៣៣ក្រាម (ជិត២គីឡូក្រាម)។ បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើត្រូវបានកម្លាំងជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការ៕