ព័ត៌មានជាតិ

ស្ពានព្រះមុនីវង្សចាស់នឹងត្រូវបិទចំនួន៣ថ្ងៃ ចាប់ពីម៉ោង៨ព្រឹក ដើម្បីធ្វើការជួសជុល

image

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ បានប្រកាសបិទស្ពានព្រះមុនីវង្សចាស់ចំនួន ៣ថ្ងៃ ដែលនឹងត្រូវធ្វើឡើងចាប់ពីម៉ោង ៨:០០ព្រឹក ថ្ងៃទី៨ ដល់ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១ ដើម្បីធ្វើការជួសជុល។ ចំពោះការធ្វើចរាចរនឹងត្រូវធ្វើទៅ-មក នៅលើស្ពានព្រះមុនីវង្សថ្មី។ 

ក្នុងសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលរាជធានីភ្នំពេញបានឱ្យដឹងថា កន្លងមករដ្ឋបាលរាជធានីភ្នំពេញធ្លាប់បានចេញសេចក្តីជូនដំណឹងស្តីពី ការជួសជុលស្ពានព្រះមុនីវង្សចាស់ឆ្លងកាត់ទន្លេបាសាក់ ស្ថិតក្នុងភូមិសាស្ត្រខណ្ឌច្បារអំពៅ កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១ ដែលរហូតមកដល់ពេលនេះ បានបញ្ចប់ការជួសជុលកម្រាលថ្មើរជើង បង្កាន់ដៃស្ពាន និងកំពុងរៀបចំផ្លាស់ប្តូរបង្គោលភ្លើងបំភ្លឺផ្លូវចាស់ចេញ ដោយដំឡើងបង្គោលភ្លើងបំភ្លឺផ្លូវថ្មីជំនួសវិញ។

ចំពោះមុខនេះការដ្ឋាននឹងចាប់ផ្តើមដំណើរការជួសជុលកម្រាលស្ពាន ដោយត្រូវកាយបកកៅស៊ូចាស់ចេញ រួចអ៊ុតកៅស៊ូថ្មី ដែលការងារនេះចាំបាច់ត្រូវបិទចរាចរលើស្ពានព្រះមុនីវង្សចាស់ស់ជាបណ្តោះអាសន្នរយៈពេល៣ថ្ងៃ ចាប់ពីម៉ោង ៨.០០នាទីព្រឹកថ្ងៃទី៨ ខែមេសា ដល់ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១។ ផុតរយៈពេលនេះនឹងបើកចរាចរលើស្ពានព្រះមុនីវង្សចាស់ជាធម្មតាឡើងវិញ។

ប្រជាពលរដ្ឋ ម្ចាស់រថយន្ត និង ទោចក្រយានយន្តគ្រប់ប្រភេទ ដែលធ្វើដំណើរឆ្លងកាត់ស្ពានព្រះមុនីវង្សចាស់ ត្រូវពង្វាងចរាចទៅស្ពានព្រះមុនីវង្សថ្មី ដែលស្ពានព្រះមុនីវង្សថ្មីនេះ នឹងដាក់ឱ្យធ្វើចរាចរទ្វេទិសជាបណ្តោះអាសន្ន។ ទន្ទឹមនឹងនេះប្រជាពលរដ្ឋ ម្ចាស់រថយន្ត និងទោចក្រយានយន្តគ្រប់ប្រភេទ ដែលធ្វើចរាចរលើផ្លូវជាតិលេខ១ អាចពង្វាងចរាចរទៅផ្លូវក្រវាត់ក្រុងទី២ (ផ្លូវថៃហ្គ័រ) ដើម្បីចៀសវាងការកកស្ទះចរាចរនៅទីតាំងការដ្ឋាន៕