ព័ត៌មានជាតិ

កម្មករជិត៥០នាក់ហើយ ត្រូវបានរកឃើញផ្ទុកកូវីដ-១៩ នៅក្នុងរោងចក្រកាត់ដេរមួយ នៅខណ្ឌមានជ័យ ហើយអាជ្ញាធរអំពាវនាវឱ្យកម្មករទាំងអស់ទៅធ្វើតេស្ដជាបន្ទាន់

image

ភ្នំពេញ៖ គិតត្រឹមយប់ថ្ងៃទី៧ ខែមេសា ឆ្នាំ២០២១ ក្រសួងសុខាភិបាល រកឃើញកម្មករនៅរោងចក្រកាត់ដេរ «ឌីន ហាន» ឆ្លងជំងឺកូវីដ-១៩ បានកើនដល់ជិត ៥០នាក់ហើយ។ នេះបើតាមការឱ្យដឹងពី លោក មេត​ មាសភក្ដី អ្នកនាំពាក្យសាលារាជធានីភ្នំពេញ នៅយប់ ថ្ងៃទី៧ ខែមេសា ឆ្នាំ២០២១។ រោងចក្រនេះមានទីតាំងស្ថិតនៅផ្លូវឌួងងៀប២ ភូមិថ្មី សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ 

ទន្ទឹមនឹងនេះ លោក មេត​ មាសភក្ដី បានធ្វើការអំពាវនាវដល់កម្មករកម្មការិនីទាំងអស់ប្រញាប់ទៅធ្វើតេស្ដជាបន្ទាន់។ ចំពោះសាច់ញាតិ ឬមិត្តភ័ក្ររបស់កម្មករក៏ត្រូវជួយណែនាំឱ្យពួកគេធ្វើចត្តាឡីស័ករយៈពេល ១៤ថ្ងៃ តាមចំនួនកំណត់ផងដែរ។ ប្រសិនបើធ្វើមិនបានត្រឹមត្រូវទេ នឹងត្រូវទទួលទោសពិន័យតាមច្បាប់។ សម្រាប់អាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋាន ក៏ត្រូវត្រួតពិនិត្យតាមដានដោយការយកចិត្តទុកដាក់បំផុតផងដែរ។

សូមបញ្ជាក់ កម្មករដែលកំពុងបម្រើការងារនៅក្នុងរោងចក្រ ឌីន ហាន មួយនេះមានចំនួន ២៥៦២នាក់ ហើយនៅយប់ថ្ងៃទី៧ ខែមេសា អាជ្ញាធរ និងសមត្ថកិច្ចខណ្ឌមានជ័យ រួមនឹងមន្រ្តីសុខាភិបាល បាននិងយកសំណាករបស់កម្មករកម្មការិនីនៅក្នុងរោងចក្រផ្ទាល់តែម្តង ដើម្បីស្វែងរកវីរុសកូវីដ-១៩៕