ព័ត៌មានជាតិ

អភិបាលខត្តកែប បន្តការចុះត្រួតពិនិត្យការចេញ- ចូល​តាមព្រំប្រទល់ រវាងកែប និងកំពត ក្រោយរាជរដ្ឋាភិបាលចេញសេចក្តីសម្រេចលេខ ៤៤ 

image

អត្ថបទ៖ ង៉ុង សាន់ 

កែប៖ ក្រោយពីមានការចេញសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល ស្តីពីការហាមឃាត់ការធ្វើដំណើរ និងការបិទរមណីយដ្ឋានទេសចរណ៍ 

នៅទូទាំងប្រទេស ជាបណ្តោះអាសន្នដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ នាពេលថ្មីនេះ រដ្ឋបាលខេត្តកែប បានប្រជុំគណៈអភិបាលខេត្ត ស្តីពីការដាក់ចេញបន្ថែមនៅវិធានការផ្សេងៗ ក៏ដូចជាចុះរឹតបន្តឹងបន្ថែម នៅតាមទីតាំងប៉ុស្តិ៍ប្រចាំការទាំង៣ទីតាំង នាល្ងាចថ្ងៃទី៧ ខែមេសា ឆ្នាំ២០២១នេះ ក្នុងគោលបំណងទប់ស្កាត់

និងកាត់ផ្តាច់ចរន្តនៃការឆ្លងរាលដាលជំងឺកូវីដ១៩ ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការបិទបញ្ចប់ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ។  

ថ្លែងក្នុងឱកាសនោះអភិបាលខេត្តកែប លោក សោម ពិសិដ្ឋ បានឲ្យដឹងថា កន្លងមករដ្ឋបាលខេត្តកែប បានដាក់ចេញនូវវិធានការបន្ទាន់ផ្សេងៗ ក្នុងការរឹតបន្តឹងការធ្វើដំណើរឆ្លងកាត់ ការចំណូលស្រុករបស់ប្រជាពលរដ្ឋ មកមូលដ្ឋានខេត្តកែប ក៏ដូចជាអនុវត្តន៍នូវវិធានការរបស់ក្រសួងសុខាភិបាល។ 

ដោយឡែកពាក់ព័ន្ធសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលនាពេលថ្មីៗនេះ ក្នុងនាមរដ្ឋបាលខេត្តកែប លោកសម្តែងការគាំទ្រ ដោយសារទាំងនេះនឹងជួយអោយការអនុវត្តន៍វិធានការក្នុងការទប់ស្កាត់ជំងឺកូវីដ១៩ នៅថ្នាក់ក្រោមជាតិកាន់តែមានប្រសិទ្ធភាព។ លោកបន្ថែមថា យោងតាមសេចក្តីសម្រេចនេះ រដ្ឋបាលខេត្តបានដាក់ចេញនូវវិធានការបន្ថែមម៉ោងត្រួតពិនិត្យ ការចេញចូលរបស់ប្រជាពលរដ្ឋតាមព្រំប្រទល់រវាងខេត្តកែប និងកំពត ២៤ម៉ោងលើ២៤ម៉ោង។  

លោកក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ក្នុងកាលៈទេសៈដ៏លំបាកនេះ ហើយជាពេលពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនាពេលខាងមុខនេះខិតជិតមកដល់ សុំបងប្អូនផ្អាកការជួបជុំសប្បាយរីករាយមួយរយៈពេលសិន ដើម្បីរក្សាជីវិតទុកជួបជុំបងប្អូនរបស់យើងនៅឆ្នាំបន្ទាប់ៗទៀត។ ហើយកុំភ្លេចអនុវត្តន៍នូវវិធានការរបស់

រាជរដ្ឋាភិបាល​ក៏ដូចជាក្រសួងសុខាភិបាល ជាពិសេស គឺ ៣កុំ និង៣ការពារ៕