អាជ្ញាធរជាតិអប្សរា ចាប់ផ្តើមធ្វើកំណាយស្រាវជ្រាវដើម្បីជួសជុលរចនាសម្ព័ន្ធស្រះ និងស្តារស្រះត្រពាំងសេះនៅមុខប្រាសាទអង្គរវត្ត

អត្ថបទ៖ ជា ស្រស់
សៀមរាប៖ ក្រុមអ្នកជំនាញ របស់អាជ្ញាធរជាតិអប្សរា បានចាប់ផ្តើមធ្វើកំណាយស្រាវជ្រាវ ដើម្បីសិក្សាពីរចនាសម្ព័ន្ធ ឈានទៅធ្វើការជួសជុលរចនាសម្ព័ន្ធស្រះ នឹងស្តារស្រះត្រពាំងសេះ ដែលមានទីតាំងនៅមុខប្រាសាទអង្គរវត្តប៉ែកខាងជើង។
លោក ធឿន សាខុន មន្ត្រីបុរាណវិទូ នៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងឧទ្យានបង្ការ មានប្រសាសន៍ថា «ការធ្វើកំណាយស្រាវជ្រាវជាមុននេះ ដើម្បីចង់ដឹងពីទំហំពិតនៃស្រះត្រពាំងសេះនេះ ថាតើវាមានទទឹងប៉ុន្មាន បណ្តោយប៉ុន្មាន ហើយរាងវាយ៉ាងម៉េច នៅពេលយើងដឹងពីទំហំពិតប្រាកដហើយទើបចាប់ផ្តើមជួសជុល»។
លោក ធឿន សាខុន បានឲ្យដឹងថា ចាប់តាំងពីថ្ងៃទី១ ខែមីនា ឆ្នាំ២០២១ ក្រុមអ្នកជំនាញ បានធ្វើកំណាយស្រាវជ្រាវដោយបានរកឃើញមានរបាយអាចម៍ដីចាស់ៗ ដីខ្សាច់ ឥដ្ឋ និងក្រួសបាយក្រៀមជាដើម គឺជាគំហើញបានបញ្ជាក់ប្រាប់ថា នៅសម័យនោះ គេបានជីកយកអាចម៍ដីមកចាក់ទប់ធ្វើជាទំនប់ហើយ បន្ទាប់មកគេយកខ្សាច់មកដាក់រួច បានគេចាប់ផ្តើមដាក់ឥដ្ឋ និងក្រួសបាយក្រៀមថែម ដើម្បីទប់ទឹកបានជាប់ល្អប្រសើរ៕
