ព័ត៌មានជាតិ

អភិបាលខេត្តប៉ៃលិន ចុះត្រួតពិនិត្យគោលដៅអនុវត្តបទបញ្ជារបស់រាជរដ្ឋាភិបាល ក្នុងការបិទការធ្វើដំណើរឆ្លងពីខេត្តមួយទៅខេត្តមួយ

image

ប៉ៃលិន៖ លោកស្រី បាន ស្រីមុំ  អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន និងជាប្រធានគណៈកម្មការខេត្ត ប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ និងមានការចូលរួមពីអ្នកតំណាងរាស្ត្រមណ្ឌលប៉ៃលិន នាយប់ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១ បានចុះត្រួតពិនិត្យតាមគោលដៅ ក្នុងព្រំប្រទល់ជាប់ខេត្តបាត់ដំបង ក្នុងគោលបំណងពង្រឹកការអនុវត្តបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល ស្តីពីការបិទការធ្វើដំណើរឆ្លងកាត់ពីខេត្តមួយទៅខេត្តមួយ ជាបណ្តោះអាសន្ន រយៈពេល១៤ថ្ងៃ ចាប់ពីម៉ោងសូន្យចូលថ្ងៃទី៧ រហូតដល់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ១៩ ទៅដល់សហគមន៍។

នៅក្នុងឱកាសនោះ លោកស្រី បានផ្តាំផ្ញើដល់កងកម្លាំងទាំងអស់ ត្រូវយកចិត្តទុកដាក់អនុវត្តតាមបទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ឱ្យបានម៉ឺងម៉ាត់ និងមានប្រសិទ្ធភាពខ្ពស់ ។ នៅចំពោះមុខកងកម្លាំងគ្រប់គោលដៅ លោកស្រីអភិបាលខេត្ត ក៏បានផ្តាំផ្ញើឱ្យខិតខំអនុវត្តវិធានការអប់រំ ណែនាំ ដល់ប្រជាពលរដ្ឋឱ្យយល់ច្បាស់ នូវគោលបំណង នៃបទបញ្ជា ដែលបានដាក់ចេញនាពេលថ្មីៗនេះ និងអប់រំផ្សព្វផ្សាយ ដល់ប្រជាពលរដ្ឋឱ្យចេះបង្ការ ទប់ស្កាត់ កុំឱ្យឆ្លងជំងឺកូវីដ១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល ក៏ដូចជាវិធានការ (៣កុំ, ៣ការពារ) របស់រាជរដ្ឋាភិបាលកម្ពុជា។

គោលដៅ ដែលខេត្តប៉ៃលិន បានដាក់ប៉ុស្តិ៍ត្រួតពិនិត្យ មានចំនួន ៦សំខាន់ៗ រួមមាន ៖ ១. ផ្លូវជាតិលេខ៥៩(ព្រំប្រទល់អូរសួស្តី) ២. ព្រំប្រទល់អូរដំបង-សំឡូត  ៣. ព្រំប្រទល់ភូមិភ្នំកុយ-កំរៀង(បាត់ដំបង) ៤.ព្រំប្រទល់ភូមិដីស-ស្រុកបវេល  ៥.ព្រំប្រទល់ឡាក់១៨-កំរៀង(បាត់ដំបង) ៦.ព្រំប្រទល់ភូមិអូរចិតប្រាំ-ស្រុករតនមណ្ឌល(បាត់ដំបង) ។

ដោយ  ៖  សុខ  វិច្ឆ័យ