ព័ត៌មានជាតិ

អាជ្ញាធរខេត្តកណ្ដាល បញ្ជាឲ្យរឹតបន្ដឹងម៉ឺងម៉ាត់ស្ដីពីបម្រាមឆ្លងខេត្ត ១៤ថ្ងៃ ទប់ស្កាត់កូវីដ

image

អត្ថបទ៖ គិន ច័ន្ទពុទ្ធិ  ​

កណ្ដាល៖ លោក នូវប៉េង ច័ន្ទតារា អភិបាលរងខេត្តកណ្ដាល បានណែនាំដល់អាជ្ញាធរស្រុកលើកដែក ពិសេសកងកម្លាំងត្រូវយកចិត្តទុកដាក់អនុវត្តឲ្យបានម៉ឺងម៉ាត់ ស្ដីពីការហាមឃាត់ការធ្វើដំណើរ និងការបិទរមណីយដ្ឋានទេសចរណ៍ទូទាំងប្រទេសជាបណ្ដោះអាសន្ននេះ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ រយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ ឱ្យមានប្រសិទ្ធភាពខ្ពស់ និងប្រកបដោយការទទួលខុសត្រូវខ្ពស់។

លោក នូវប៉េង ច័ន្ទតារា មានប្រសាសន៍ថា «កងកម្លាំងរបស់យើង ដែលជាអ្នកចុះអនុវត្តផ្ទាល់នេះ ត្រូវប្រកាន់ចិត្តឲ្យធ្ងន់ក្នុងការបកស្រាយពន្យល់បងប្អូនប្រជាពលរដ្ឋដែលបានធ្វើដំណើរឆ្លងកាត់ទីតាំងនេះ ឲ្យគាត់យល់ពីភាពចាំបាច់របស់រាជរដ្ឋាភិបាល ក៏ដូចជាអាជ្ញាធរដែលបានដាក់បម្រាមនេះ ថា ការធ្វើនេះគឺដើម្បីផលប្រយោជន៍ និងសុវត្ថិភាពរបស់បងប្អូនប្រជាពលរដ្ឋទាំងអស់គ្នានោះទេ ដើម្បីអាចឲ្យយើងទាំងអស់គ្នាអាចចូលរួមទប់ស្កាត់ជំងឺកូវីដ១៩ កុំឲ្យមានហានិភ័យកាន់តែខ្លាំង»។ 

ការថ្លែងដូច្នេះរបស់ លោក នូវប៉េង ច័ន្ទតារា អភិបាលរងខេត្តកណ្ដាល កាលពីរសៀលថ្ងៃទី៧ ខែមេសា ឆ្នាំ ២០២១ ​ក្នុងឱកាសអញ្ជើញចុះពិនិត្យគោលដៅផ្លូវជាតិលេខ១ ក្នុងភូមិកំពង់ពោធិ៍ ឃុំកំពង់ភ្នំ ក្នុងស្រុកលើកដែក ខេត្តកណ្តាល ដែលជាព្រំប្រទល់រវាងខេត្តកណ្ដាល និងខេត្តព្រៃវែង ក្នុងការអនុវត្តតាមសេចក្ដីសម្រេចរបស់រាជរដ្ឋាភិបាល ស្ដីពីការហាមឃាត់ការធ្វើដំណើរឆ្លងកាត់ពីខេត្តមួយទៅខេត្តមួយ និងការបិទរមណីយដ្ឋានទេសចរណ៍ទូទាំងប្រទេសជាបណ្ដោះអាសន្នដើម្បីទប់ស្កាត់ ការឆ្លងរាលដាលនៃជំងឺកូវីដ១៩។ 

​សូមបញ្ជាក់ថា បើតាមការឲ្យដឹងពីលោក ចាប ច័ន្ទវិទ្យា អភិបាលស្រុកលើកដែក ថា ភូមិសាស្ត្រស្រុកលើកដែក មានគោលដៅចំនួន ១ ទីតាំងដែលមានព្រំប្រទល់ជាប់នឹងខេត្តព្រៃវែងតាមផ្លូវជាតិលេខ១ ស្ថិតក្នុងឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្ដាល៕