អាមេរិកព្រួយបារម្ភយ៉ាងខ្លាំងចំពោះការខិតខំរបស់ចិនក្នុងការបំភិតបំភ័យកោះតៃវ៉ាន់

សាច់រឿង៖ឆ្លើយតបទៅនឹងសកម្មភាពយោធាថ្មីៗរបស់ចិននៅជុំវិញកោះតៃវ៉ាន់ អាមេរិកបានប្រកាសកាលពីថ្ងៃពុធថា ខ្លួនមានការព្រួយបារម្ភយ៉ាងខ្លាំងដោយបានកត់សម្គាល់ឃេីញនូវកិច្ចប្រឹងប្រែងបំភិតបំភ័យជាបន្តបន្ទាប់របស់ចិនដែលកំពុងបន្តកើតមាននៅក្នុងតំបន់នេះ។
ជាមួយគ្នានោះ មន្ត្រីនាំពាក្យឲ្យក្រសួងការបរទេសអាមេរិក លោក ណេត ប្រាយ (Ned Price) បានបញ្ជាក់ជាថ្មីនៅក្នុងសន្និសីទសារព័ត៌មានថា ការប្តេជ្ញាចិត្តរបស់អាមេរិកចំពោះកោះតៃវ៉ាន់គឺ «រឹងមាំ» បំផុត។
ប្រទេសចិនបានបញ្ជូនយន្ដហោះចម្បាំងបន្ថែមទៀតឲ្យហោះចូលទៅក្នុងដែនអាកាសរបស់កោះតៃវ៉ាន់កាលពីថ្ងៃពុធដែលជាការបង្ហាញកម្លាំងនៅជុំវិញកោះនេះដែលទីក្រុងប៉េកាំងបានអះអាងថាជាទឹកដីរបស់ខ្លួន ស្របពេលដែលរដ្ឋមន្រ្តីការបរទេសកោះតៃវ៉ាន់បាននិយាយថា កោះតៃវ៉ាន់នឹងប្រយុទ្ធរហូតដល់ទីបញ្ចប់ប្រសិនបើចិនវាយប្រហារ។
តៃវ៉ាន់ដែលជាកោះស្វ័យគ្រប់គ្រងតាមលទ្ធិប្រជាធិបតេយ្យបានត្អូញត្អែរពីសកម្មភាពយោធាម្តងហើយម្តងទៀតរបស់ទីក្រុងប៉េកាំងក្នុងប៉ុន្មានខែថ្មីៗនេះដោយកងទ័ពអាកាសចិនបានបំពានដែនអាកាសរបស់តៃវ៉ាន់ស្ទើរតែរាល់ថ្ងៃ។ កាលពីថ្ងៃច័ន្ទ ប្រទេសចិនបានប្រកាសថា កងនាវាដឹកយន្តហោះចម្បាំងរបស់ខ្លួនកំពុងធ្វើសមយុទ្ធនៅជិតកោះនេះ។
ក្រសួងការពារកោះតៃវ៉ាន់បានឲ្យដឹងថា យន្តហោះចិនចំនួន ១៥គ្រឿងក្នុងនោះមានយន្តហោះចម្បាំង ១២គ្រឿងផងបានហោះចូលដែនអាកាសរបស់ខ្លួន។
បន្ថែមលើសកម្មភាពយោធាដែលចេះតែកេីនឡេីងនេះ កងទ័ពជើងទឹកអាមេរិកបានប្រកាសថា នាវាពិឃាតមួយគ្រឿងរបស់ខ្លួនបានបេីកឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់តាមទម្លាប់របស់ខ្លួនកាលពីថ្ងៃពុធ៕

