ព័ត៌មានអន្តរជាតិ

អេស្ប៉ាញនឹងប្រើវ៉ាក់សាំងកូវីដ១៩របស់ក្រុមហ៊ុន AstraZeneca សម្រាប់តែអ្នកដែលមានអាយុ៦០ឆ្នាំឡើងប៉ុណ្ណោះ

image

ម៉ាឌ្រីដ៖ កាលពីថ្ងៃពុធក្រសួងសុខាភិបាលអេស្ប៉ាញបានសម្រេចចាក់វ៉ាក់សាំងកូវីដ១៩របស់ក្រុមហ៊ុន AstraZeneca សម្រាប់តែអ្នកដែលមានអាយុចាប់ពី៦០ឆ្នាំឡើងទៅប៉ុណ្ណោះបន្ទាប់ពីនិយតកឱសថអង់គ្លេសនិងអឺរ៉ុបបានរកឃើញពីទំនាក់ទំនងរវាងវ៉ាក់សាំងនេះនិងបញ្ហាកកឈាមក្នុងខួរក្បាល។

រដ្ឋមន្ត្រីសុខាភិបាលលោកស្រី ខារ៉ូលីណា ដារៀស (Carolina Darias) បាននិយាយថា «ផ្អែកលើព័ត៌មានដែលទទួលបាននេះ យើងបានណែនាំឲ្យប្រើប្រាស់វ៉ាក់សាំងរបស់ក្រុមហ៊ុន AstraZeneca សម្រាប់អ្នកដែលមានអាយុ៦០ឆ្នាំឡើងទៅដើម្បីជាការប្រុងប្រយ័ត្នទុកជាមុន ។»

ទីភ្នាក់ងារឱសថអឺរ៉ុបបាននិយាយថា ខ្លួនបានរកឃើញករណីកកឈាមក្នុងខួរក្បាលចំនួន១៦៩នាក់គិតត្រឹមថ្ងៃទី០៤ ខែមេសាបើធៀបទៅនឹងវ៉ាក់សាំងចំនួន៣៤លានដូសដែលត្រូវបានចាក់នៅក្នុងតំបន់សេដ្ឋកិច្ចអឺរ៉ុប ប៉ុន្តែបានសង្កត់ធ្ងន់ថាអត្ថប្រយោជន៍របស់វានៅតែមានច្រើនជាងហានិភ័យ។

នាយកទីភ្នាក់ងារឱសថជាតិអេស្ប៉ាញបាននិយាយថា អេស្ប៉ាញក៏មានបញ្ហាកកឈាមក្នុងខួរក្បាលសរុបជាង១២ករណីផងដែរក្នុងចំណោមមនុស្សជាង១.៧លាននាក់ដែលបានចាក់វ៉ាក់សាំងរបស់ក្រុមហ៊ុន AstraZeneca ដោយក្នុងនោះស្ទើរតែទាំងអស់គឺជាស្ត្រីដែលមានអាយុក្រោម៥៥ឆ្នាំ។

កាលពីថ្ងៃពុធដដែលនោះ រដ្ឋមន្ត្រីក្រសួងសុខាភិបាលអេស្ប៉ាញក៏បានប្រកាសផងដែរពីការអនុវត្តឡើងវិញចំពោះច្បាប់មួយដែលបានចូលជាធរមានកាលពីថ្ងៃទី៣១ ខែមីនាដោយតម្រូវឲ្យពលរដ្ឋពាក់ម៉ាសមុខជាចាំបាច់នៅគ្រប់ពេលទាំងអស់។

សូមបញ្ជាក់ថា អត្រាឆ្លងនៅក្នុងអេស្ប៉ាញដែលត្រូវបានគណនាក្នុងរយៈពេល១៤ថ្ងៃកន្លងមកនេះបានកើនឡើងដល់១៦៨នាក់ក្នុងចំណោមមនុស្ស១០ម៉ឺននាក់កាលពីថ្ងៃពុធដែលកើនឡើងពី១២៨នាក់នៅពាក់កណ្តាលខែមីនា៕

ប្រែសម្រួល៖ នីតា