ព័ត៌មានអន្តរជាតិ

មូលនិធិរូបិយវត្ថុអន្តរជាតិព្យាករពីការងើបឡើងវិញខ្លាំងសម្រាប់សេដ្ឋកិច្ចពិភពលោក

image

វ៉ាស៊ីនតោន៖ កាលពីថ្ងៃពុធ មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានព្យាករថា សេដ្ឋកិច្ចពិភពលោកនឹងស្ទុះឡើងវិញខ្លាំងនៅក្នុងឆ្នាំ២០២១នេះ ខណៈដែលយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩កំពុងត្រូវបានធ្វើឡើងនៅទូទាំងពិភពលោក។

អង្គការនេះបាននិយាយថា ខ្លួនរំពឹងថាសេដ្ឋកិច្ចពិភពលោកនឹងកើនឡើង៦%នៅក្នុងឆ្នាំនេះដែលកើនឡើងពី៥.៥%ក្នុងការព្យាករណ៍កាលពីខែមករា។ ផលិតផលក្នុងស្រុកសរុបរបស់ពិភពលោកសម្រាប់ឆ្នាំ២០២២ត្រូវបានគេមើលឃើញឃើញថានឹងកើនឡើង៤.៤%ដែលខ្ពស់ជាងការប៉ាន់ស្មានលើកមុន។

ប្រធានសេដ្ឋវិទូនៃមូលនិធិរូបិយវត្ថុអន្តរជាតិលោកស្រី ហ្គីតា ហ្គោពីណាត (Gita Gopinath) បាននិយាយថា «បើទោះបីជាស្ថានភាពឆ្លងរាតត្បាតនៃជំងឺកូវីដ១៩នៅមិនមានភាពច្បាស់លាស់យ៉ាងណាក៏ដោយ ប៉ុន្តែផ្លូវចេញពីវិបត្តិផ្នែកសុខាភិបាលនិងវិបត្តិសេដ្ឋកិច្ចនេះត្រូវបានគេមើលឃើញកាន់តែច្បាស់។»

លោកស្រី ហ្គោពីណាត (Gopinath) បានបន្ថែមថា ការចាក់វ៉ាក់សាំងការពារកូវីដ១៩ទំនងនឹងក្លាយជាកត្តាដ៏សំខាន់ដែលជំរុញឲ្យសេដ្ឋកិច្ចងើបឡើងវិញនៅក្នុងប្រទេសជាច្រើនក្នុងឆ្នាំ២០២១នេះ។

ជាមួយគ្នានោះ មូលនិធិរូបិយវត្ថុអន្តរជាតិក៏បានព្យាករណ៍ថ្មីពីកំណើនសេដ្ឋកិច្ចរបស់អង់គ្លេសផងដែរដោយរំពឹងថានឹងកើនឡើង៥.៣%ក្នុងឆ្នាំនេះនិង៥.១%ក្នុងឆ្នាំ២០២២ ខណៈដែលកាលពីឆ្នាំមុនបានធ្លាក់ចុះ៩.៩%ដែលជាកម្រិតខ្ពស់បំផុតក្នុងចំណោមក្រុមប្រទេសG7៕

ប្រែសម្រួល៖ នីតា