ព័ត៌មានអន្តរជាតិ

ក្រុមហ៊ុន Samsung ប្រកាសថាប្រាក់ចំណេញនៅត្រីមាសទី១ទំនងនឹងកើនឡើង៤៤%

image

សេអ៊ូល៖ កាលពីថ្ងៃពុធ ក្រុមហ៊ុនអេឡិចត្រូនិច Samsung បាននិយាយថា ប្រាក់ចំណេញនៅត្រីមាសទី១នេះទំនងនឹងកើនឡើង៤៤% ដោយសារការកើនឡើងនៃការលក់ទូរស័ព្ទដៃស្មាតហ្វូន (Smartphones) និងទូរទស្សន៍ បើទោះបីជាប្រាក់ចំណូលបានពីការលក់បន្ទះឈីបទំនងនឹងធ្លាក់ចុះក៏ដោយ។

ក្រុមហ៊ុនបច្ចេកវិជ្ជាយក្សរបស់កូរ៉េខាងត្បូងមួយនេះបានព្យាករពីប្រាក់ចំណេញប្រតិបត្តិការអាជីវកម្មចាប់ពីខែមករាដល់ខែមីនាចំនួន៨.៣២ពាន់លានដុល្លារអាមេរិក។

ក្រុមអ្នកវិភាគបាននិយាយថា ប្រាក់ចំណេញពីអាជីវកម្មទូរស័ព្ទដៃរបស់ក្រុមហ៊ុន Samsung  ត្រូវបានគេមើលឃើញថាកើនឡើងជាង៨៩៤លានដុល្លារដល់ប្រហែល៣.៧១ពាន់លានដុល្លារអាមេរិកបន្ទាប់ពីការចាប់ផ្តើមលក់ស្មាតហ្វូនសេរី Galaxy S21។

ក្រុមអ្នកវិភាគបានបន្ថែមថា ប្រាក់ចំណេញនៅក្នុងអាជីវកម្មទូរទស្សន៍និងសម្ភារៈប្រើប្រាស់ក្នុងផ្ទះក៏ប្រហែលជាកើនឡើងទ្វេដងផងដែរពោលគឺជាង៨៩៤លានដុល្លារអាមេរិក។

រីឯប្រាក់ចំណូលពីការលក់បន្ទះឈីបអាចនឹងធ្លាក់ចុះ២០%មកនៅ៣.២២ពាន់លានដុល្លារអាមេរិកដោយសារការចំណាយក្នុងការបង្កើនផលិតកម្មក្នុងស្រុកព្រមទាំងការខាតបង់ដោយសារ ព្យុះរដូវរងាបានបង្ខំឲ្យផ្អាកប្រតិបត្តិការនៅរោងចក្រក្នុងរដ្ឋតិចសាស់ (Texas) កាលពីពាក់កណ្តាលខែកុម្ភៈ៕

ប្រែសម្រួល៖ នីតា