ព័ត៌មានជាតិ

បន្ទាន់! បុគ្គលិកហាងបាយ អ័រគីដេ នៅសង្កាត់ផ្សារដេប៉ូ១ កើតជំងឺកូវីដ ក្រសួងអំពាវនាវអ្នកធ្លាប់ទៅបើចេញរោគសញ្ញាសូមទៅពិនិត្យសំណាក

image

ភ្នំពេញ៖ អនុគណៈកម្មការស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថាមានផ្ទុកជំងឺកូវីដ១៩ នៅព្រឹកថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២១នេះ បានជូនដំណឹងថា បុគ្គលិកទីតាំងលក់បាយមួយកន្លែង យីហោ “អ័រគីដេ” ដែលមានទីតាំងនៅផ្លូវ១៥០ សង្កាត់ផ្សារដេប៉ូ១ ខណ្ឌទួលគោក រកឃើញថា កើតជំងឺកូវីដ១៩។

អនុគណៈកម្មការ ក៏បានអំពាវនាវដល់ពលរដ្ឋ ដែលធ្លាប់ចូលទៅហាងលក់បាយ អ័រគីដេ ចាប់ពីនៅថ្ងៃទី២៤ ខែមីនា ដល់ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១ ប្រសិនបើមានអាការៈមិនស្រួលខ្លួន ឬលេចចេញរោគសញ្ញា គ្រុនក្តៅ ក្អក កណ្តាស់ ឈឺក ហៀរសំបោរ ហត់ ឬពិបាកដកដង្ហើម សូមមេត្តាប្រញាប់ ទៅធ្វើតេស្តរកមេរោគកូវីដ១៩។

ទីតាំងសម្រាប់ធ្វើតេស្ដមាននៅវិទ្យាល័យបាក់ទូក, វិទ្យាល័យបឹងត្របែក, មណ្ឌលសុខភាពចាក់អង្រែក្រោម, មន្ទីរពេទ្យខ្មែរ-សូវៀត, សាលាបឋមសិក្សា សុភមង្គល (ក្រោយផ្សារស៊ិន ជូរី បណ្តោះអាសន្ន) និងមន្ទីរពេទ្យបង្អែកនៅតាមបណ្តាខេត្តនានា៕