ព័ត៌មានអន្តរជាតិ

ប្រទេសអែលសាល់វ៉ាឌ័រទទួលវ៉ាក់សាំងកូវីដ-១៩​ ពីចិនចំនួន​ ១៥ម៉ឺនដូស

image

សាច់រឿង៖ប្រទេសអែលសាល់វ៉ាឌ័របានទទួលវ៉ាក់សាំងកូវីដ-១៩​ របស់ក្រុមហ៊ុន​ ស៊ីណូវ៉ាក់​ (Sinovac) ចំនួន ១៥ម៉ឺនដូសថែមទៀតពីរដ្ឋាភិបាលចិន​ ដែលនេះបានធ្វើឱ្យអែលសាល់វ៉ាឌ័រមានវ៉ាក់សាំងកូវីដ-១៩​ សរុបយ៉ាងហោចណាស់ចំនួន ១លាន២៥ម៉ឺនដូស។

ជំនួយវ៉ាក់សាំងកូវីដ-១៩ នេះបានមកដល់អាកាសយានដ្ឋានអន្តរជាតិរបស់អែលសាល់វ៉ាឌ័រ​ កាលពីថ្ងៃពុធ ហើយត្រូវបានទទួលដោយរដ្ឋមន្រ្តីសុខាភិបាលអែលសាល់វ៉ាឌ័រ​ និងឯកអគ្គរដ្ឋទូតចិនប្រចាំនៅប្រទេសនេះ។ 

ការមកដល់របស់វ៉ាក់សាំងកូវីដ-១៩​ របស់ក្រុមហ៊ុនចិន​ ស៊ីណូវ៉ាក់​ (Sinovac) នេះនឹងជួយពង្រីកកម្មវិធីចាក់វ៉ាក់សាំងកូវីដ-១៩​ នៅក្នុងប្រទេសអែលសាល់វ៉ាឌ័រដែលមានពលរដ្ឋសរុបប្រមាណ ៦លាន៥សែននាក់។ 

សូមបញ្ជាក់ថា​ ប្រទេសអែលសាល់វ៉ាឌ័របានចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩​ កាលពីខែកុម្ភៈ​ដោយប្រេីប្រាស់វ៉ាក់សាំងរបស់ក្រុមហ៊ុន​ អាស្ត្រាហ្សេណេកា​ (AstraZeneca)។ 

រដ្ឋាភិបាលអែលសាល់វ៉ាឌ័រគ្រោងចាក់វ៉ាក់សាំងកូវីដ-១៩​ ឲ្យពលរដ្ឋរបស់ខ្លួនឲ្យបានចំនួន​ ៤លាន៥សែននាក់ក្នុងរយៈពេលមួយឆ្នាំ​ លេីកលែងតែអ្នកអាយុក្រោម​ ១៨ឆ្នាំ​ និងស្រីមានផ្ទៃពោះ​។ 

បច្ចុប្បន្ននេះ​ ប្រទេសអែលសាល់វ៉ាឌ័រមានអ្នកឆ្លងវីរុសកូវីដ-១៩​ ជាង​ ៦ម៉ឺន៥ពាន់នាក់​ ក្នុងនោះមានអ្នកស្លាប់ជាង​ ២ពាន់នាក់៕