ព័ត៌មានជាតិ

ការចុះបញ្ជីដីធ្លីជាលក្ខណៈប្រព័ន្ធជំរុញឲ្យ​ទីផ្សារដីធ្លីមានប្រសិទ្ធភាពខ្ពស់ និងអភិវឌ្ឍសេដ្ឋកិច្ចកាន់តែប្រសើរ

image

អត្ថបទ៖ គិន ច័ន្ទពុទ្ធិ​

កណ្ដាល៖ «ការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធនេះ គឺពិតជាមានសារៈសំខាន់ខ្លាំងណាស់ ក្នុងការថែរក្សាសុវត្ថិភាព នៃការកាន់កាប់ដីធ្លី ដោយស្របច្បាប់ កាត់បន្ថយបញ្ហាទំនាស់ និងជំរុញដល់ការអភិវឌ្ឍ ទីផ្សារដីធ្លីប្រកបដោយប្រសិទ្ធភាពខ្ពស់ កាត់បន្ថយភាពក្រីក្រ ស្ថិរភាពសង្គម និងការអភិវឌ្ឍសេដ្ឋកិច្ចបានកាន់តែប្រសើរឡើង»។ នេះជាប្រសាសន៍របស់ ​លោក ទៀង កុស្យារៈ អនុប្រធានមន្ទីរដែនដី នគរូបនីយកម្មនិងសំណង់ខេត្តកណ្ដាល។

ថ្លែងនៅក្នុងវគ្គបណ្ដុះបណ្ដាលសម្រាប់ការចុះបញ្ជីដីធ្លីជាលក្ខណៈប្រព័ន្ធ ជូនដល់អាជ្ញាធរឃុំព្រែកស្តី ស្រុកកោះធំ ខេត្តកណ្ដាល នៅថ្ងៃទី៧ ខែមេសាឆ្នាំ២០២១,  លោក ទៀង កុស្យារៈ បានលើកឡើងថាវគ្គបណ្ដុះបណ្ដាលនេះ គឺចង់ឲ្យអជ្ញាធរភូមិ-ឃុំ និងមន្ត្រីពាក់ព័ន្ធ នៅក្នុងគណៈកម្មការរដ្ឋបាល បានយល់ច្បាស់អំពីនីតិវិធីច្បាប់ សារាចរណែនាំ និងតួនាទីភារកិច្ចរបស់ខ្លួន ក្នុងការចុះបញ្ជីដីលក្ខណៈជាប្រព័ន្ធ ដើម្បីពន្លឿដល់ការធ្វើប័ណ្ណកម្មសិទ្ធ(ប្លង់រឹង)ជូនប្រជាពលរដ្ឋពលរដ្ឋ។

​សូមបញ្ជាក់ថា បច្ចុប្បន្ន​មន្ទីរដែនដី​ខេត្តកណ្ដាលមានក្រុមការងារចំនួន ១០ក្រុម ដែលកំពុងតែអនុវត្តលើការងារដីធ្លីនៅទូទាំងខេត្ត ដោយអនុវត្តបាន ៧០ឃុំ-សង្កាត់ ដែលស្មើនឹង៥១៨ភូមិ ក្នុងនោះបានចុះកំណត់ព្រំបានចំនួន ៣៣០.២៨៨ ក្បាលដី  ធ្វើការវិនិច្ឆ័យបាន ៣៣០.២៨៨ ក្បាលដី  បញ្ចូលទិន្នន័យបាន ៣៣០.២៨៨ក្បាលដី និងចែកប័ណ្ណបានចំនួន ២២១.៨៥០ប័ណ្ណ៕