ព័ត៌មានជាតិ

ក្រុមការងារចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ នៅមណ្ឌលសុខភាពខ្ពបអាទាវ ទទួលបានអំណោយពីលោកស្រីកិត្តិសង្គហបណ្ឌិត ឃួន សុដារី  

image

កណ្តាល៖ លោកស្រីកិត្តិសង្គហបណ្ឌិត ឃួន សុដារី ប្រធានក្រុមការងារថ្នាក់កណ្តាល ចុះជួយស្រុកលើកដែក នាព្រឹកថ្ងៃទី៨ ខែមេសា ឆ្នាំ២០២១នេះ បានចាត់ឲ្យក្រុមការងារ នាំយកអំណោយមួយចំនួន ដើម្បីប្រគល់ជូនក្រុមការងារ ដែលកំពុងបំពេញតួនាទីចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនប្រជាពលរដ្ឋ នៅមណ្ឌលសុខភាពខ្ពបអាទាវ ដែលស្ថិតនៅឃុំខ្ពបអាទាវ ស្រុកលើកដែក ខេត្តកណ្តាល។

   អំណោយដែលត្រូវបានលោក អ៊ុយ សំអាត និងលោក  កុយ កុសល តំណាងលោកស្រី ឃួន សុដារី បាននាំយកទៅប្រគល់នាពេលនេះ  មានដូចជា ទឹកសុទ្ធ ចំនួន៥០កេស,  ម៉ាស់ ២០ប្រអប់, ទឹកក្រូច៦កេស, នំសុខភាព ៦កេស,  អាល់កុល ៣០លីត្រ ដែលអ្នកស្រី ឃួន សុដារី ទទួលបានពីអ្នកស្រី វណ្ណលុយ និង ស្វាមី ជាក្រុមការងារចុះជួយស្រុកលើកដែក។ ជាមួយនឹងសម្ភារបរិក្ខាខាងលើ អ្នកស្រីកិត្តិសង្គហបណ្ឌិត បានជួយឧបត្ថមនូវថវិកា ចំនួន២លានរៀលថែមទៀត។

   លោក អ៊ុយ សំអាត នៅក្នុងឱកាសនោះ បានមានប្រសាសន៍ថា ការនាំយកអំណោយមកពេលនេះ គឺដើម្បីជាការចូលរួមចំណែកលើកទឹកចិត្ត ដល់ក្រុមការងារចាក់វ៉ាក់សាំង ដែលបានបំពេញការងារ អស់ពីកម្លាំងកាយចិត្ត ក្នុងគោលបំណងដើម្បីការពារប្រជាពលរដ្ឋ ពីការឆ្លងជំងឺកូវីដ១៩នេះ ធ្វើឲ្យសុខភាពសាធារណៈ នៅក្នុងប្រទេសកម្ពុជា មានភាពល្អប្រសើរ ។

  ជាមួយគ្នានោះ លោក ក៏បានចូលរួមអំពាវនាវ ឲ្យអ្នកដែលមានអាទិ៍ភាព ក្នុងការទទួលបានវ៉ាក់សាំង សូមចូលរួមចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ឲ្យបានគ្រប់ៗគ្នា ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការការពារនិងទប់ស្កាត់ជំងឺឆ្លងដ៏កាចសាហាវនេះ។ លោក ក៏បានអំពាវនាវ ឲ្យប្រជាពលរដ្ឋ ចូលរួមអនវត្តវិធានការការពាររបស់ក្រសួងសុខាភិបាល និងអនុសាសន៍របស់សម្តេចតេជោ គឺ៣កុំនិង៣ការពារ។ 

  ក្នុងនាមប្រធានមណ្ឌល សុខភាពខ្ពបអាទាវ និង ក្រុមប្រឹក្សាឃុំ, លោកវេជ្ជបណ្ឌិត ឯក ប៊ុនថន ប្រធានការិយាល័យសុខាភិបាលស្រុកប្រតិបត្តិលើកដែក បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះលោកស្រី ឃួន សុដារី  និងលោកស្រី ឧកញ៉ា វណ្ណលុយ និងស្វាមី ដែលជានិច្ចជាកាល បានឧបត្ថម្ភទាំងសម្ភារ:, ថវិកា, កំលាំងកាយចិត្ត ចំពោះស្រុកលើកដែក ជាពិសេស ឃុំខ្ពបអាទាវ។ លោកថា អំណោយនាពេលនេះ គឺពិតជាចំពេលដែលកំពុងមានតម្រូវការ៕

  ដោយ ៖ សន  ពិសិដ្ឋ