ព័ត៌មានអន្តរជាតិ

រដ្ឋមួយចំនួននៅឥណ្ឌាព្រមានពីការខ្វះខាតវ៉ាក់សាំងកូវីដ១៩ខណៈដែលករណីឆ្លងថ្មីកំពុងកើនឡើង

image

ញូដែលី៖ ប្រទេសឥណ្ឌាបានរាយការណ៍ពីករណីឆ្លងជំងឺកូវីដ១៩ចំនួន១១៥.៧៣៦នាក់ថែមទៀតកាលពីថ្ងៃពុធដែលបានកើនឡើង១៣ដងក្នុងរយៈពេលជាង២ខែប៉ុណ្ណោះដោយបានបង្កើនការដាក់សម្ពាធទៅលើរដ្ឋាភិបាលក្នុងការពង្រីកយុទ្ធនាការចាក់វ៉ាក់សាំង។

រដ្ឋមួយចំនួនរួមទាំងរដ្ឋមហារាស្ត្រ (Maharashtra) ដែលជាតំបន់រងគ្រោះខ្លាំងជាងគេនៅក្នុងប្រទេសឥណ្ឌាបានត្អូញត្អែរពីការខ្វះខាតវ៉ាក់សាំងក្នុងអំឡុងរលកឆ្លងលើកទី២នេះ។

អាជ្ញាធរសុខាភិបាលនៅក្នុងរដ្ឋមហារាស្ត្រ (Maharashtra) បានប្រាប់ក្រុមអ្នកសារព័ត៌មានថា វ៉ាក់សាំងការពារកូវីដ១៩នឹងអស់ស្តុកនៅក្នុងរយៈពេល៣ថ្ងៃទៀតបន្ទាប់ពីបានចាក់ជាង៤៥ម៉ឺនដូសក្នុងមួយថ្ងៃ។

រដ្ឋមួយចំនួនទៀតដូចជារដ្ឋ អូឌីសា (Odisha) ក៏បានបង្ហាញសញ្ញានៃការខ្វះខាតវ៉ាក់សាំងសម្រាប់ក្រុមអ្នកដែលមានអាទិភាពចាក់មុនគេផងដែរ។

ក្នុងរយៈពេលប៉ុន្មានសប្តាហ៍មកនេះ រដ្ឋមហារាស្ត្រ (Maharashtra) មានអ្នកឆ្លងជំងឺកូវីដ១៩ជាងពាក់កណ្តាលនៃករណីឆ្លងសរុបប្រចាំថ្ងៃនៅក្នុងប្រទេសឥណ្ឌា។ រដ្ឋាភិបាលបានបន្ទោសថាការផ្ទុះឡើងវិញនេះគឺបណ្តាលមកពីការជួបជុំគ្នាច្រើននិងមិនពាក់ម៉ាសមុខ ខណៈដែលហាងទំនិញនិងកន្លែងធ្វើការបានបើកឡើងវិញ។

គួរបញ្ជាក់ថា រដ្ឋមហារាស្ត្រ (Maharashtra), រដ្ឋដែលី (Deli), រដ្ឋពុនចាប់ (Punjab) និងរដ្ឋកាណាតាកា (Karnataka) បានអនុវត្តការរឹតបន្តឹងសាជាថ្មីដើម្បីទប់ស្កាត់ការឆ្លងរាលដាលដែលរួមទាំងបម្រាមគោចរពេលយប់កាលពីប៉ុន្មានថ្ងៃថ្មីៗនេះ៕

ប្រែសម្រួល៖ នីតា