ព័ត៌មានអន្តរជាតិ

អូស្ត្រាលីនឹងបន្តប្រេីវ៉ាក់សាំងកូវីដ-១៩​ របស់ក្រុមហ៊ុន​ AstraZeneca 

image

សាច់រឿង៖នាយករដ្ឋមន្រ្តីអូស្ត្រាលី​ លោក​ ស្កុត​ ម៉ូរីសុន​ (Scott Morrison) បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា​ ប្រទេសអូស្ត្រាលីបច្ចុប្បន្ននេះមិនមានផែនការផ្លាស់ប្តូរកម្មវិធីចាក់វ៉ាក់សាំងកូវីដ-១៩​ ដែលប្រេីវ៉ាក់សាំងរបស់ក្រុមហ៊ុន​ អាស្ត្រាហ្សេណេកា​ (AstraZeneca) ឡេីយ​ បន្ទាប់ពីនិយតករឱសថអឺរ៉ុបបានរកឃើញពីលទ្ធភាពនៃការជាប់ទាក់ទងគ្នារវាងការកេីតមានករណីកកឈាមក្នុងសរសៃ​ និងវ៉ាក់សាំងនេះ។ 

លោក​ ម៉ូរីសុន​ បានប្រាប់អ្នកយកព័ត៌មានថា «នៅដំណាក់កាលនេះ​ មិនមានការណែនាំដើម្បីឲ្យធ្វេីការផ្លាស់ប្ដូរណាមួយក្នុងការចាក់វ៉ាក់សាំងនេះឲ្យពលរដ្ឋនោះទេ»។

ទីភ្នាក់ងារឱសថអឺរ៉ុបកាលពីថ្ងៃពុធបានប្រកាសថា​ ខ្លួនបានរកឃើញករណីកកឈាមដែលកម្រកេីតមានក្នុងចំណោមមនុស្សពេញវ័យមួយចំនួនដែលបានចាក់វ៉ាក់សាំងកូវីដ-១៩ របស់ក្រុមហ៊ុន​ អាស្ត្រាហ្សេណេកា​ (AstraZeneca) ប៉ុន្តែទោះជាយ៉ាងណាទីភ្នាក់ងារនេះបាននិយាយថា​ គុណសម្បត្តិរបស់វ៉ាក់សាំងនេះនៅតែមានច្រេីនជាងហានិភ័យ។ 

អាជ្ញាធរអូស្រ្តាលីបានបញ្ជាឱ្យមានការស៊ើបអង្កេតជាបន្ទាន់ចំពោះការរកឃើញរបស់និយតករឱសថអឺរ៉ុបនេះ​ ដោយលោក​ ម៉ូរីសុន រំពឹងថានឹងមានព័ត៌មានថ្មីៗនៅថ្ងៃព្រហស្បតិ៍ពីនិយតករឱសថអូស្ត្រាលី​ និងក្រុមផ្តល់ប្រឹក្សាផ្នែកវ៉ាក់សាំង។

ដោយមានវិធានការបិទព្រំដែន​ និង​ ប្រព័ន្ធតាមដានរកអ្នកប៉ះពាល់ជាមួយអ្នកឆ្លងវីរុសកូវីដ-១៩​ បានរហ័ស ប្រទេសអូស្ត្រាលីមិនមានចំនួនអ្នកឆ្លង​ និងស្លាប់ដោយសារវីរុសនេះច្រេីនដូច​ប្រទេសអភិវឌ្ឍផ្សេងៗទៀតទេដោយមានករណីឆ្លងជាង ២ម៉ឺន៩ពាន់នាក់​ និង មានអ្នកស្លាប់​ ៩០៩នាក់៕