ព័ត៌មានជាតិ

អភិបាលខេត្តកែប យកសម្ភារមួយចំនួនប្រគេនព្រះសង្ឃទាំង ១៦វត្ត ក្នុងខេត្ត មុនរដូវកាលចូលឆ្នាំចូលមកដល់ 

image

អត្ថបទ៖ ង៉ុង សាន់ 

កែប៖ អង្ករចំនួនជាង ១តោន និងម៉ាសចំនួន ៨.០០០បន្ទះ ត្រូវបានរដ្ឋបាលខេត្តកែប យកទៅចែកជូនតាមបណ្តាវត្តអារាមទាំង១៦ក្នុងក្រុងកែប និងស្រុកដំណាក់ចង្អើរ ខេត្តកែប ដើម្បីត្រៀមបម្រុងទុកប្រើប្រាស់ប្រចាំថ្ងៃ ដោយការប្រគេនសម្ភារទាំងនោះ ត្រូវបានធ្វើឡើងក្នុងវត្តសត្ថាធម្មវិហារ នារសៀលថ្ងៃទី៨ ខែមេសា ឆ្នាំ២០២១នេះ។ 

ថ្លែងក្នុងឱកាសនោះ អភិបាលខេត្ត លោក សោម ពិសិដ្ឋ បានណែនាំឲ្យបណ្តាវត្តអារាមទាំងអស់ត្រូវរឹតបណ្តឹងការចេញចូលរបស់ពុទ្ធបរិស័ទក្នុងកំឡុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដោយក្នុងនោះលោកបានសង្កត់ធ្ងន់ថា គ្រប់វត្តអារាមមិនអាចអនុញ្ញាតឱ្យពុទ្ធបរិស័តដែលអត់ពាក់ម៉ាសយកចង្ហាន់ប្រគេនព្រះសង្ឃ ចូលក្នុងវត្តអារាមឡើយ ហើយគ្រប់វត្តអារាមត្រូវកំណត់ពុទ្ធបរិស័តចូលក្នុងព្រះវិហារ សាលាឆាន់ និងកុដិ តាមទំហំ និងបរិវេណទីតាំងចៀសវាងការប្រមូលផ្តុំមនុស្សច្រើន និងត្រូវរក្សាគម្លាតបុគ្គលជាដើម។ 

គូរបញ្ជាក់ថា ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការកាត់ផ្តាច់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ កាលពីពេលថ្មីនេះៗ​រដ្ឋបាលខេត្តកែប 

បានចេញសេចក្តីណែនាំលេខ ០០៣ នៅក្នុងកំឡុងពេលប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខាងមុខនេះ ត្រូវបានហាមឃាត់ជាបណ្តោះអាសន្ននូវ ការរៀបចំលេងល្បែងប្រជាប្រិយ រាំកម្សាន្ត នៅតាមទីវត្តអារាម តាមភូមិឋាន ជាមួយគ្នានេះត្រូវហាមឃាត់មិនឲ្យមានការប្រមូលផ្តុំក្នុងការជួបជុំពិសារគ្រឿងស្រវឹង ការលេងជះទឹក ការបាញ់ទឹក ប៉ាតម្សៅនៅតាមភូមិ តាមដងផ្លូវជាដើម៕